[២៧] ពាក្យ​ថា បុគ្គល​មានស្មារតី​ ប្រព្រឹត្តទៅ​ដូចម្តេច គឺ​បុគ្គល​មានស្មារតី ដឹង​ព្រម ត្រាច់​ទៅ ត្រាច់​ទៅ​ផ្សេង​ៗ ដើរទៅ ប្រព្រឹត្តទៅ រក្សា យាត្រា យាត្រា​ទៅ​ដូចម្តេច ហេតុ​នោះ (លោក​សួរ​ថា​) បុគ្គល​មានស្មារតី ប្រព្រឹត្តទៅ​ដូចម្តេច។
 [២៨] ពាក្យ​ថា វិញ្ញាណ​ទើប​រលត់ គឺ​វិញ្ញាណ​រលត់​ ស្ងប់ អស្តង្គត ស្ងប់រំងាប់ ហេតុ​នោះ (លោក​សួរ​ថា​) វិញ្ញាណ​ទើប​រលត់។
 [២៩] ពាក្យ​ថា​ ​ពួក​ខ្ញុំ​ព្រះអង្គ​មក​គាល់ ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ គឺ ពួក​ខ្ញុំ​ព្រះអង្គ​មក​ មកដល់ មក​គាល់ ដល់​ព្រម មក​ជួបជុំ ជាមួយនឹង​ព្រះអង្គ ដើម្បី​ទូល​សួរ សាកសួរ អង្វរ​ អារាធនា ជ្រះថ្លា ចំពោះ​ព្រះពុទ្ធ​មានជោគ ហេតុ​នោះ (លោក​សួរ​ថា​) ​ពួក​ខ្ញុំ​ព្រះអង្គ​មក​គាល់​ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ។
 [៣០​] ពាក្យ​ថា ព្រះអង្គ ក្នុង​បទ​ថា​ នឹង​បាន​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ​ គឺ​ពួក​ខ្ញុំ​ព្រះអង្គ​ស្តាប់ រៀន ចងចាំ​ទុក កំណត់ទុក នូវ​ព្រះ​វាចា ការ​ពោល​ ការសំដែង​អនុសន្ធិ​របស់​ព្រះអង្គ​ ហេតុ​នោះ (លោក​សួរ​ថា​) នឹង​បាន​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។ ហេតុ​នោះ ព្រាហ្មណ៍​នោះ ពោល​ថា​
ថយ | ទំព័រទី ១៨ | បន្ទាប់