បុគ្គល​មានស្មារតី ប្រព្រឹត្តទៅ​ដូចម្តេច​ វិញ្ញាណ​ទើប​រលត់ ពួក​ខ្ញុំ​ព្រះអង្គ​មក​គាល់ ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ នឹង​បាន​ស្តាប់​ព្រះពុទ្ធដីកា​របស់​ព្រះអង្គ។
[៣១​] (ព្រះមានព្រះភាគ​ត្រាស់​ថា​) កាល​បុគ្គល​មិន​រីករាយ​ ចំពោះ​វេទនា​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ មានស្មារតី​ប្រព្រឹត្តទៅ​យ៉ាងនេះ​ វិញ្ញាណ​ទើប​រលត់។

 [៣២​] អធិប្បាយ​ពាក្យ​ថា កាល​បុគ្គល​មិន​រីករាយ​ចំពោះ​វេទនា​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ គឺ​បុគ្គល​កាល​ពិចារណា​ឃើញ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្នុង​ មិន​រីករាយ មិន​សរសើរ មិន​ឋិតនៅ​ក្នុង​សេចក្តី​ជ្រប់​ចិត្ត​ចំពោះ​វេទនា​ គឺថា លះបង់ បន្ទោបង់ ធើ្វ​ឲ្យ​វិនាស​ ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព​នូវ​ការ​រីករាយ​ ការ​សរសើរ ការ​ជ្រប់​ចិត្ត ការ​កួច​កាន់​ ការ​ស្ទាបអង្អែល ការ​ប្រកាន់។ បុគ្គល​កាល​ពិចារណា​ឃើញ​វេទនា​ក្នុង​វេទនា​ទាំងឡាយ​ខាងក្រៅ​ មិន​រីករាយ មិន​សរសើរ មិន​ឋិតនៅ​ក្នុង​ការ​ជ្រប់​ចិត្ត​ចំពោះ​វេទនា គឺ​លះបង់ បន្ទោបង់ ធើ្វ​ឲ្យ​វិនាស ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព​នូវ​ការ​រីករាយ​ ការ​សរសើរ ការ​ជ្រប់​ចិត្ត ការ​កួច​កាន់​ ការ​ស្ទាបអង្អែល​ ការ​ប្រកាន់។
ថយ | ទំព័រទី ១៩ | បន្ទាប់