(បោ​សាល​មាន​អាយុ ក្រាបទូល​ដូច្នេះ​ថា​) ព្រះមានព្រះភាគ​អង្គ​ណា​ ពោល​អាង​កាល​ជា​អតីត​ មិន​មាន​សេចក្តី​ញាប់ញ័រ ទ្រង់​កាត់សេចក្តី​សង្ស័យ ទ្រង់​ដល់ត្រើយ​នៃ​ធម៌​ទាំងពួង​ ​ពួក​ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក​គាល់ (ដើម្បី​ទូល​សួរ​ព្រះមានព្រះភាគ​នោះ​)។
[៤០​] បពិត្រ​ព្រះអង្គ​ជា​សក្យ​ពង្ស ខ្ញុំ​ព្រះអង្គ​សូម​ទូល​សួរ​អំពី​ញាណ​របស់​បុគ្គល​អ្នកមាន​រូបសញ្ញា​ជាក់ច្បាស់​ អ្នក​លះបង់​រូបារម្មណ៍​ទាំងអស់​ អ្នក​ឃើញ​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ថា​ វត្ថុ​បន្តិចបន្តួច​មិន​មាន បុគ្គល​មាន​សភាព​ដូច្នោះ តើ​ព្រះអង្គ​ជ្រាប​ដោយ​ប្រការ​ដូចម្ដេច។

 [៤១​] ពាក្យ​ថា​ អ្នកមាន​រូបសញ្ញា​ជាក់ច្បាស់​ មាន​សំនួរ​ថា រូបសញ្ញា​ តើ​ដូចម្ដេច។ សេចក្តី​សំគាល់​ អាការ​នៃ​សេចក្តី​សំគាល់​ ភាព​នៃ​សេចក្តី​សំគាល់​របស់​បុគ្គល​អ្នក​ចូល​កាន់​រូបាវចរ​សមាបត្តិ​ក្តី​ អ្ន​កញុំា​ងរូ​បាវ​ចរ​សមាបត្តិ​ឲ្យ​កើតក្តី អ្នកមាន​ឈានសុខ​ជា​គ្រឿង​នៅក្នុង​បច្ចុប្បន្ន​ក្តី​ នេះ​ឈ្មោះថា រូបសញ្ញា។ ពាក្យ​ថា​ អ្នកមាន​រូបសញ្ញា​ជាក់ច្បាស់​ បាន​ន័យ​ថា បុគ្គល​អ្នក​បាន​អរូប​សមាបត្តិ​ទាំង ៤ ហើយ​ រមែង​មាន​រូបសញ្ញា (ការ​សំគាល់​រូប​) ប្រាកដ ធ្វើឲ្យ​ជាក់ច្បាស់ កន្លង រំលង ប្រព្រឹត្ត​កន្លង ហេតុ​នោះ​ (លោក​ពោល​ថា​) អ្នកមាន​រូបសញ្ញា​ជាក់ច្បាស់។
ថយ | ទំព័រទី ២៩ | បន្ទាប់