[៣២៨] បុគ្គលលះបង់នូវបុត្ត ប្រពន្ធ បិតា មាតា ទ្រព្យ ស្រូវ ផៅពង្ស និងកាមទាំងឡាយ តាមថ្នាក់ តាមជាន់ហើយ គប្បីប្រព្រឹត្តម្នាក់ឯង ដូចកុយរមាស។
[៣២៩] ពាក្យថា បុត្ត ប្រពន្ធ បិតា មាតា ត្រង់ពាក្យថា បុត្ត បានដល់បុត្ត ៤ ពួក គឺ បុត្តកើតអំពីខ្លួន ១ បុត្តកើតក្នុងខេត្ត ១ បុត្តដែលគេឲ្យ ១ បុត្តគឺកូនសិស្ស ១។ ភរិយាទាំងឡាយ ហៅថា ប្រពន្ធ។ ពាក្យថា បិតា បានដល់ បុរសអ្នកបង្កើតកូន។ ពាក្យថា មាតា បានដល់ស្រ្តីអ្នកបង្កើតកូន ហេតុនោះ (លោកពោលថា) បុត្ត ប្រពន្ធ បិតា មាតា។
[៣៣០] ពាក្យថា ទ្រព្យ ស្រូវ ផៅពង្ស គឺ កែវមុក្តា កែវមណី កែវពៃទូរ្យ ស័ង្ខ ថ្ម កែវប្រពាល ប្រាក់ មាស កែវទទឹម កែវមរកត ហៅថា ទ្រព្យ។ បុព្វណ្ណជាត(១) អបរណ្ណជាត(២) ហៅថា ស្រូវ។ ស្រូវខ្សាយស ស្រូវខ្សាយក្រហម ស្រូវដំណើប ស្រងែ ស្ពៅ ស្គួយ គែលលក ឈ្មោះថា បុព្វណ្ណជាត។ គ្រឿងសម្ល ឈ្មោះថា អបរណ្ណជាត។
(១). វត្ថុដែលត្រូវបរិភោគមុន។ (២). វត្ថុដែលត្រូវបរិភោគក្រោយ។
