កិលេស​ទាំងឡាយ​ណា ដែល​លោក​លះបង់​ហើយ ដោយ​អនា​គា​មិ​មគ្គ​ កិលេស​ទាំងឡាយ​ណា​ ដែល​លោក​លះបង់​ហើយដោយ​អរហត្តមគ្គ​ លោក​មិន​មក មិន​វិល​មក​ មិន​ត្រឡប់​មក កាន់​កិលេស​ទាំងនោះ​ទេ ហេតុ​នោះ (លោក​ពោល​ថា​) លះបង់​នូវ​កាម​ទាំងឡាយ តាម​ថ្នាក់​ តាម​ជាន់។ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។ ព្រោះហេតុនោះ​ ព្រះ​បច្ចេក​សម្ពុទ្ធ​នោះ​ ពោល​ថា
បុគ្គល​លះបង់​នូវ​បុត្ត ប្រពន្ធ បិតា មាតា​ ទ្រព្យ ស្រូវ ផៅពង្ស និ​ងកាម​ទាំងឡាយ តាម​ថ្នាក់​ តាម​ជាន់​ហើយ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង​ ដូច​កុយរមាស។
[៣៣២​] កាមគុណ​នេះ ជា​គ្រឿង​ចំពាក់ សេចក្តី​សុខ​ក្នុង​កាមគុណ​នេះ​ មាន​ប្រមាណ​តិច កាមគុណ​នេះ​ មាន​សេចក្តី​ត្រេកអរ​តិច សេចក្តី​ទុក្ខ​ក្នុង​កាមគុណ​នេះ​ មាន​ច្រើនក្រៃ​លែង កាមគុណ​នេះ​ ជា​ពក បុគ្គល​អ្នកមាន​ប្រាជ្ញា​បានដឹង​ដូច្នេះហើយ​ គប្បី​ប្រព្រឹត្ត​ម្នាក់ឯង ដូច​កុយរមាស។
ថយ | ទំព័រទី ៣១៩ | បន្ទាប់