[៣៣៣​] អធិប្បាយ​ពាក្យ​ថា កាមគុណ​នេះ ជា​គ្រឿង​ចំពាក់​ សេចក្តី​សុខ​ក្នុង​កាម​នេះ​ មាន​ប្រមាណ​តិច ពាក្យ​ថា គ្រឿង​ចំពាក់​ក្តី ថា​សន្ទូច​ក្តី ថា​នុយ​ក្តី ថា​គ្រឿង​ថ្ពក់​ក្តី ថា​គ្រឿង​កង្វល់​ក្តី​ នេះ​ជា​ឈ្មោះ​នៃ​កាមគុណ​ទាំង ៥។ ពាក្យ​ថា សេចក្តី​សុខ​ក្នុង​កាម​នេះ មាន​ប្រមាណ​តិច សេចក្តី​ថា​ មែនពិត ព្រះមានព្រះភាគ បាន​ត្រាស់​ព្រះពុទ្ធដីកា​នេះ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ កាមគុណ​នេះ មាន​ ៥ កាមគុណ​ ៥ តើ​ដូចម្ដេច​ រូប ដែល​គប្បី​ដឹង​ដោយ​ភ្នែក ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត មាន​សភាព​គួរ​ស្រឡាញ់​ ប្រកបដោយ​សេចក្តី​ប្រាថ្នា​ ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ សំឡេង ដែល​គប្បី​ដឹង​ដោយ​ត្រចៀក​ ក្លិន ដែល​គប្បី​ដឹង​ដោយ​ច្រមុះ រស ដែល​គប្បី​ដឹង​ដោយ​អណ្តាត​ ផ្សព្វ ដែល​គប្បី​ដឹង​ដោយ​កាយ​ ជាទី​ប្រាថ្នា ជាទី​ត្រេកអរ ជាទី​គាប់ចិត្ត​ មាន​សភាព​គួរ​ស្រឡាញ់ ប្រកបដោយ​សេចក្តី​ប្រាថ្នា ជាទី​តាំង​នៃ​សេចក្តី​ត្រេកអរ​ ម្នាល​ភិក្ខុ​ទាំងឡាយ ទាំងនេះ​ឯង កាមគុណ ៥
ថយ | ទំព័រទី ៣២០ | បន្ទាប់