មិន​កាន់​យក​និមិត្ត មិន​កាន់​យក​អនុ​ព្យ​ញ្ជ​នៈ​ ពួក​អកុសលធម៌​ដ៏​លាមក​ គឺ​អភិជ្ឈា​ និ​ងទោមនស្ស គប្បី​ជាប់​តាម​បុគ្គល​អ្នក​មិន​សង្រួម​មនិន្រ្ទិយ​នោះ​ ព្រោះ​ហេតុ​មិន​សង្រួម​មនិន្រ្ទិយ​ណា​ លោក​ប្រតិបត្តិ​ដើម្បី​សង្រួម​មនិន្រ្ទិយ​នោះ​ រក្សា​នូវ​មនិន្រ្ទិយ ដល់​នូវ​ការ​សង្រួម​ក្នុង​មនិន្រ្ទិយ​ ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នកគ្រប់គ្រង​ឥន្រ្ទិយ។ ពាក្យ​ថា រក្សា​ចិត្ត គឺ​ គ្រប់គ្រង​ចិត្ត​ ថែទាំ​ចិត្ត ហេតុ​នោះ (លោក​ពោល​ថា​) ជា​អ្នកគ្រប់គ្រង​ឥន្រ្ទិយ រក្សា​ចិត្ត។
 [៣៤៣​] អធិប្បាយ​ពាក្យ​ថា មានចិត្ត​មិន​ទទឹក មិន​រោលរាល​ (ដោយ​កិលេស​) ត្រង់​ពាក្យ​ថា មានចិត្ត​មិន​ទទឹក​ សេចក្តី​ថា ព្រះ​មហាមោគ្គល្លាន​មាន​អាយុ បាន​ពោល​ពាក្យ​នេះ​ថា ម្នាល​លោក​មាន​អាយុ​ ខ្ញុំ​នឹង​សំដែង​នូវ​បរិយាយ​នៃ​បុគ្គល​មានចិត្ត​ទទឹក​ផង​ នូវ​បរិយាយ​នៃ​បុគ្គល​មានចិត្ត​មិន​ទទឹក​ផង​ ចំពោះ​អ្នក​ទាំងឡាយ ចូរ​អ្នក​ទាំងឡាយ​ស្តាប់​នូវ​បរិយាយ​នោះ ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ល្អ​ចុះ​ ខ្ញុំ​នឹង​សំដែង។ ភិក្ខុ​ទាំងនោះ ទទួល​ស្តាប់​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ថា អើ​ អាវុសោ។
ថយ | ទំព័រទី ៣៣៥ | បន្ទាប់