ប្រសិនបើ​ មារ​ចូល​ទៅ​ជិត​ភិក្ខុ​នោះ តា​មទា្វរ​ចិត្ត មារ​តែង​បាន​នូវ​ឱកាស​ មារ​តែង​បាន​នូវ​អារម្មណ៍​ មាន​ឧប​មេ​យ្យ​ដូច្នោះឯង ម្នាល​អាវុសោ​ រូប​គ្រប​សង្កត់​ភិក្ខុ​ អ្នកមាន​កិរិយា​នៅ​យ៉ាងនេះ ភិក្ខុ​មិន​គ្រប​សង្កត់​រូប​បាន​ឡើយ សំឡេង​គ្រប​សង្កត់​ភិក្ខុ​ ភិក្ខុ​មិន​គ្រប​សង្កត់​សំឡេង​បាន​ឡើយ​ ក្លិន​គ្រប​សង្កត់​ភិក្ខុ ភិក្ខុ​មិន​គ្រប​សង្កត់​ក្លិន​បាន​ឡើយ​ រស​គ្រប​សង្កត់​ភិក្ខុ​ ភិក្ខុ​មិន​គ្រប​សង្កត់​រស​បាន​ឡើយ ផ្សព្វ​គ្រប​សង្កត់​ភិក្ខុ​ ភិក្ខុ​មិន​គ្រប​សង្កត់​ផ្សព្វ​បាន​ឡើយ ធម្មារម្មណ៍​គ្រប​សង្កត់​ភិក្ខុ ភិក្ខុ​មិន​គ្រប​សង្កត់​ធម្មារម្មណ៍​បាន​ឡើយ ម្នាល​អាវុសោ​ ភិក្ខុ​នេះ គេ​ហៅថា អ្នក​ត្រូវ​រូប​គ្រប​សង្កត់​ អ្នក​ត្រូវ​សំឡេង​គ្រប​សង្កត់ អ្នក​ត្រូវ​ក្លិន​គ្រប​សង្កត់​ អ្នក​ត្រូវ​រស​គ្រប​សង្កត់​ អ្នក​ត្រូវ​ផ្សព្វ​គ្រប​សង្កត់ អ្នក​ត្រូវ​ពួក​កិលេស​ទាំងនោះ​ គ្រប​សង្កត់ ព្រោះថា ភិក្ខុ​នោះ មិនបាន​គ្រប​សង្កត់​នូវ​​ពួក​អកុសលធម៌​ដ៏​លាមក ដែល​ប្រកបដោយ​សេចក្តី​សៅហ្មង​ នាំទៅ​កើត​ក្នុង​ភព​ថ្មីទៀត ប្រកបដោយ​សេចក្តី​ក្រវល់ក្រវាយ មានទុក្ខ​ជា​ផល មាន​ជាតិ​ ជរា​ និ​ងមរណៈ​តទៅ​ខាងមុខ​ទៀត​ទេ ម្នាល​អាវុសោ ភិក្ខុ​មានចិត្ត​ទទឹក​ យ៉ាងនេះ​ឯង។
ថយ | ទំព័រទី ៣៣៨ | បន្ទាប់