ភព​ថ្មី គឺជា​តិ ជរា មរណៈ សង្សារ របស់​ព្រះមានព្រះភាគ​នោះ​ មិន​មាន​ ហេតុ​នោះ ព្រះមានព្រះភាគ​ឈ្មោះថា​ ទ្រង់​គង់នៅ​ យ៉ាងនេះ​ក៏បាន​ ហេតុ​នោះ​ (លោក​ពោល​ថា​) អ្នកមាន​ឈាន​ប្រាសចាក​ធូលី​ ទ្រង់​គង់នៅ។ ពាក្យ​ថា​ ដូច្នេះ ក្នុង​បទ​ថា​ ឧទយៈ​មាន​អាយុ​ពោល​ដូច្នេះ គឺជា​ការ​តបទ។បេ។ ពាក្យ​ថា​ ដូច្នេះ​នេះ ជាលំដាប់​បទ។ ពាក្យ​ថា​ មាន​អាយុ គឺ​ពាក្យជា​ទីស្រឡាញ់ ជា​ពាក្យ​គោរព ពាក្យ​ថា​ មាន​អាយុ​នេះ ជា​ពាក្យ​ពោល​ដោយ​គោរព​កោតក្រែង។ ពាក្យ​ថា ឧទយៈ ជា​ឈ្មោះ។បេ។ ជា​ពាក្យ​ហៅ​នូវ​ព្រាហ្មណ៍​នោះ​ ហេតុ​នោះ (ទើប​មាន​ពាក្យ​ថា​) ឧទយៈ​មាន​អាយុ​ពោល​ដូច្នេះ។
 [៣] ពាក្យ​ថា​ ទ្រង់​មាន​កិច្ច​ធើ្វ​រួចហើយ​ មិន​មាន​អាសវៈ គឺ​កិច្ច​គួរ​ធើ្វ និង​មិន​គួរ​ធើ្វ​ ព្រះពុទ្ធ​មានជោគ​ លះបង់ ផ្តាច់ផ្តិល​ឫសគល់​ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ឲ្យ​ដល់​នូវ​ការ​មិន​មាន​បែបភាព មិន​មានការ​កើត​តទៅ​ជា​ធម្មតា​ ហេតុ​នោះ ព្រះពុទ្ធ​ឈ្មោះ​ថា​ មាន​កិច្ច​ធ្វើ​ហើយ។
ភិក្ខុ​ណា​មិន​មាន​តណ្ហា សេចក្តី​ក្តៅក្រហាយ​ នៃ​ភិក្ខុ​នោះ​ដែល​ជា​អ្នក​កាត់ផ្ដាច់​នូវ​ខ្សែ​នៃ​តណ្ហា លះបង់​នូវ​កិច្ច​គួរ​ធើ្វ និង​មិន​គួរ​ធ្វើ​ រមែង​មិន​មាន។

 ហេតុ​នោះ (លោក​ពោល​ថា​) មាន​កិច្ច​ធើ្វ​រួចហើយ។ ពាក្យ​ថា​ អាសវៈ​ ក្នុង​បទ​ថា មិន​មាន​អាសវៈ បាន​ដល់ អាសវៈ​ ៤ គឺ​កាមាសវៈ ភវាសវៈ ទិដ្ឋាសវៈ អវិជ្ជា​សវៈ។
ថយ | ទំព័រទី ៤ | បន្ទាប់