មួយទៀត រណ្ដៅ​ព្រះនេត្រ​ទាំ​ងពីរ​ខាង​របស់​ព្រះមានព្រះភាគ​ មាន​សម្បុរ​ក្រហម ក្រហម​ច្រា​ល គួរ​ជ្រះថ្លា​ គួរ​ក្រឡេក​មើល ជាទី​ដូច​សម្បុរ​មេភ្លៀង។ ទី​ត្រង់​កណ្ដាល មាន​សម្បុរ​ខ្មៅ​ ខ្មៅស្រស់ មិន​សៅហ្មង ស្និទ្ធ​គួរ​ជ្រះថ្លា គួរ​ក្រឡេក​មើល ជាទី​ដូច​សម្បុរ​ផ្លែ​ផ្គាំ​។ ទី​ខាងនាយ​ពីនោះ​ មាន​សម្បុរស សភ្លឹង សស្រស់ សថ្លា​ គួរ​ជ្រះថ្លា គួរ​ក្រឡេក​មើល​ ជាទី​ដូច​ផ្កាយព្រឹក។ ហេតុ​នោះ​ បាន​ជា​ព្រះមានព្រះភាគ​តែង​ទត​ឃើញ​មួយ​យោជន៍​ដោយ​ជុំវិញ​ ទាំងថ្ងៃទាំងយប់ ដោយ​មំសចក្ខុ​ធម្មតា ដែល​រាប់បញ្ចូល​ក្នុង​អត្តភាព កើត​ដោយ​ផល​នៃ​សុចរិត​កម្ម​ក្នុង​កាលមុន។ សូម្បី​ក្នុង​កាលណា​ ដែល​មាន​ងងឹត​ប្រកបដោយ​អង្គ​បួន​ គឺ​ព្រះអាទិត្យ​អស្ដង្គត​ ១ ឧបោសថ​ខាង​កាឡបក្ខ​ ១ ដងព្រៃ​យ៉ាង​ក្រា​ស់​ជិត ១ មហា​អកាលមេឃ​ (ភ្លៀង​ធំ​ខុសកាល​) ប្រាកដ​ឡើង ១ ក្នុង​កាលនោះ ព្រះមានព្រះភាគ​ទត​ឃើញ​មួយ​យោជន៍​ដោយ​ជុំវិញ ក្នុង​ទី​ងងឹត​ ប្រកបដោយ​អង្គ​បួន មាន​សភាព​យ៉ាងនេះ។ ផ្ទះ​កំពូល​ក្តី សន្លឹក​ទ្វា​រក្ដី កំពែង​ក្ដី​ ភ្នំ​ក្ដី គុម្ពឈើ​ក្ដី វល្លិ​ក្ដី ជា​គ្រឿង​រារាំង​នូវ​ការ​ឃើញ​រូប​នោះ​ មិន​មាន​ឡើយ។
ថយ | ទំព័រទី ៤៨ | បន្ទាប់