ភិក្ខុ​មួយ​រូប បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ដូច្នេះ​ថា​ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន ព្រះមានព្រះភាគ តែង​ត្រាស់​ថា លោក លោក ដូច្នេះ​ បពិត្រ​ព្រះអង្គ​ដ៏​ចម្រើន​ សភាវៈ​ដែល​ហៅថា លោក តើមាន​កំណត់​ដូចម្ដេច។ ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​ភិក្ខុ សភាវៈ​ដែល​ហៅថា​ លោក ព្រោះ​ហេតុ​វិនាស។ អី្វ​តែង​វិនាស។ ចក្ខុ​តែង​វិនាស ពួក​រូប​តែង​វិនាស ចក្ខុវិញ្ញាណ​តែង​វិនាស​ ចក្ខុសម្ផស្ស​តែង​វិនាស ធម្មជាត​ណាមួយ ដែល​បុគ្គល​ទទួល ជា​សុខ​ ឬទុក្ខ ឬមិន​មែន​ទុក្ខ​ មិន​មែ​នសុខ រមែង​កើតឡើង​ ព្រោះ​ចក្ខុសម្ផស្ស​ជា​បច្ច័យ ធម្មជាត​នោះ តែង​វិនាស​ទៅ​ ត្រចៀក​តែង​វិនាស​ ​ពួក​សំឡេង​តែង​វិនាស ច្រមុះ​តែង​វិនាស ពួក​ក្លិន​តែង​វិនាស អណ្ដាត​តែង​វិនាស ពួក​រស​តែង​វិនាស​ កាយ​តែង​វិនាស​ ​ពួក​ផ្សព្វ​តែង​វិនាស​ ចិត្ត​តែង​វិនាស ពួក​ធម្មារម្មណ៍​តែង​វិនាស មនោវិញ្ញាណ​តែង​វិនាស មនោ​សម្ផស្ស​តែង​វិនាស ធម្មជាត​ណាមួយ​ ដែល​បុគ្គល​ទទួល​ ជា​សុខ​ ឬទុក្ខ ឬមិន​មែន​ទុក្ខ​ មិន​មែ​នសុខ កើតឡើង​ព្រោះ​មនោ​សម្ផស្ស​ជា​បច្ច័យ​ ធម្មជាត​នោះ រមែង​វិនាស ម្នាល​ភិក្ខុ ហេតុ​នោះ សភាវៈ​ដែល​ហៅថា លោក ព្រោះ​ហេតុ​វិនាស​ ដូច្នេះ​ឯង។
ថយ | ទំព័រទី ៦៥ | បន្ទាប់