ឬថា​ ការ​មក​ដោយ​ប្រស្នា​ មានដល់​ព្រះ​អង្គ​ៗ ជា​បុគ្គល​អាច ជា​បុគ្គល​មាន​ព្យាយាម ជា​បុគ្គល​ល្មម​ដើម្បី​សួរ​ សំដែង ដោះស្រាយ ពន្យល់​ ពោល ជាមួយនឹង​ខ្ញុំ​ព្រះអង្គ ហេតុ​នោះ (លោក​ពោល​ថា​) ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក យ៉ាងនេះ​ក៏បាន។
 [៦] ពាក្យ​ថា សូម​ព្រះអង្គ​សំ​ដែង​អញ្ញា​វិមោក្ខ សេចក្ដី​ថា អរហត្ត​វិមោក្ខ លោក​ហៅថា អញ្ញា​វិមោក្ខ។ សូម​ព្រះអង្គ​សំដែង ប្រាប់​ ពន្យល់ ប្រញ័ប្ត​ តាំងផ្ដើម បើក​ ចែក ធើ្វ​ឲ្យ​ងាយ ប្រកាស​នូវ​អរហត្ត​វិមោក្ខ​ ហេតុ​នោះ (លោក​ពោល​ថា​) សូម​ព្រះអង្គ​សំដែង​អញ្ញា​វិមោក្ខ។
 [៧] ពាក្យ​ថា ជា​គ្រឿង​ទម្លាយ​អវិជ្ជា គឺជា​គ្រឿង​បំបែក ទម្លាយ​ លះបង់ រំងាប់ លះ​ចោល កម្ចាត់បង់​នូវ​អវិជ្ជា​ គឺ​អមត​និពា្វន ហេតុ​នោះ​ (លោក​ពោល​ថា​) ជា​គ្រឿង​ទម្លាយ​អវិជ្ជា។ ហេតុ​នោះ ព្រាហ្មណ៍​នោះ​ ពោល​ហើយ​ថា​
(ឧទយៈ​មាន​អាយុ​ ក្រាបទូល​ដូច្នេះ​ថា​) ខ្ញុំ​ព្រះអង្គ​ជា​អ្នក​ត្រូវការ​ដោយ​ប្រស្នា ទើប​មក​គាល់ (ដើម្បី​សួរ​) ព្រះអង្គ​ជា​អ្នកមាន​ឈាន មាន​ព្រះ​សន្ដាន​ប្រាសចាក​ធូលី​ ទ្រង់​គង់នៅ ទ្រង់​មាន​កិច្ច​ធើ្វ​រួចហើយ​ មិន​មាន​អាសវៈ​ ទ្រង់​ដល់​នូវ​ត្រើយ​នៃ​ធម៌​ទាំងពួង​ សូម​ព្រះអង្គ​សំ​ដែង​អញ្ញា​វិមោក្ខ ជា​គ្រឿង​ទម្លាយ​អវិជ្ជា។
ថយ | ទំព័រទី ៧ | បន្ទាប់