[៨] (ព្រះមានព្រះភាគ​ត្រាស់​ថា​) ម្នាល​ឧទយៈ តថាគត​សំដែង​ថា​ ការ​លះ​នូវ​អកុសលធម៌​ទាំងពីរ គឺ​កាមច្ឆន្ទៈ​ និង​ទោមនស្ស​ផង ការ​បន្ទោបង់​ចិត្តរួញរា​ផង ការ​ហាម​ឃា​ត់​កុក្កុ​ច្ចៈ​ទាំងឡាយ​ផង (ជា​អញ្ញា​វិមោក្ខ​)។

 [៩] ពាក្យ​ថា​ ការ​លះ​កាមច្ឆន្ទៈ ត្រង់​ពាក្យ​ថា​ ឆន្ទៈ បាន​ដល់​សេចក្តី​ពេញចិត្ត​ចំពោះ​កាម សេចក្តី​ត្រេកត្រអាល​ចំពោះ​កាម​ សេចក្តី​រីករាយ​ចំពោះ​កាម​ សេចក្តី​ប្រាថ្នា​ក្នុង​កាម សេចក្តី​សេ្នហា​ក្នុង​កាម សេចក្តី​ស្រេកឃ្លាន​ក្នុង​កាម សេចក្តី​អន្ទះអន្ទែង​ក្នុង​កាម​ សេចក្តី​ជ្រប់​ក្នុង​កាម សេចក្តី​ងប់​ក្នុង​កាម​ ឱឃៈ​គឺ​កាម យោ​គៈ​គឺ​កាម ឧបាទាន​គឺ​កាម នី​វរ​ណៈ​គឺ​កាមច្ឆន្ទៈ​ក្នុង​កាម​ទាំងឡាយ។ ពាក្យ​ថា​ ការ​លះ​កាមច្ឆន្ទៈ គឺ​ការ​លះ​ ការ​រំងាប់​ ការ​លះបង់ ការ​កម្ចាត់បង់​កាមច្ឆន្ទៈ​ អមត​និព្វាន ហេតុ​នោះ​ (ទ្រង់​ត្រាស់​ថា​) ការ​លះ​កាមច្ឆន្ទៈ។ ពាក្យ​ថា ឧទយៈ​ ក្នុង​បទ​ថា ព្រះមានព្រះភាគ (ត្រាស់​ថា​) ម្នាល​ឧទយៈ គឺ​ព្រះមានព្រះភាគ​ត្រាស់​ហៅ​ព្រាហ្មណ៍​នោះ​ដោយ​ឈ្មោះ។ ត្រង់​ពាក្យ​ថា​ ព្រះមានព្រះភាគ​នុ៎ះ ជា​ពាក្យ​និយាយ​ដោយ​គោរព។បេ។ បញ្ញត្តិ​ថា​ មាន​ព្រះ​ភាគ​នេះ​ (កើត​) ព្រោះ​ការ​ត្រាស់​ដឹង​ ហេតុ​នោះ (ទើប​មាន​ពាក្យ​ថា​) ព្រះមានព្រះភាគ​ត្រាស់​ថា​ ម្នាល​ឧទយៈ។
ថយ | ទំព័រទី ៨ | បន្ទាប់