(បិ​ង្គិយៈ​មាន​អាយុ​ ក្រាបទូល​ដូច្នេះ​ថា​) ខ្ញុំ​ព្រះអង្គ​ជា​មនុស្ស​គ្រាំគ្រា មាន​កម្លាំង​ខ្សោយ​ ប្រាសចាក​សម្បុរ ទាំង​ភ្នែក​ក៏​មិន​ស្អាត ការ​ស្ដាប់​ក៏​មិន​ស្រួល​ សូមកុំ​ឲ្យ​ខ្ញុំ​ព្រះអង្គ​ជា​បុគ្គល​វង្វេង ខូច​ក្នុង​ចន្លោះ​ឡើយ ខ្ញុំ​ព្រះអង្គ​គប្បី​ដឹង​ធម៌​ណា​ ដែល​ជា​គ្រឿង​លះបង់​ជាតិ​ និ​ងជរា ក្នុង​ទីនេះ សូម​ព្រះអង្គ​ត្រាស់​ប្រាប់​ធម៌​នោះ​ឲ្យ​ទាន។
[៨៥​] (ព្រះមានព្រះភាគ​ត្រាស់​ថា ម្នា​លបិង្គិយៈ​) ​ពួក​ជន​ដែល​ប្រហែស​ ឃើញ​សត្វ​ទាំងឡាយ​កំពុង​លំបាក​ព្រោះ​រូប ក៏​លំបាក​ព្រោះ​រូប ម្នា​លបិង្គិយៈ​ ហេតុ​នោះ អ្នក​ចូរ​ជា​បុគ្គល​មិន​ប្រហែស លះបង់​រូប​ទៅ ដើម្បី​ការ​មិនកើត​ទៀត។

 [៨៦​] អធិប្បាយ​ពាក្យ​ថា ឃើញ​សត្វ​ទាំងឡាយ​កំពុង​លំបាក​ព្រោះ​រូប ត្រង់​ពាក្យ​ថា​ រូប បាន​ដល់​មហាភូតរូប​បួន​ផង រូប​ដែល​អាស្រ័យ​នឹង​មហាភូតរូប​បួន​ផង។ សត្វ​ទាំងឡាយ​លំបាក ឈឺចាប់​ ក្តៅក្រហាយ ចង្អៀតចង្អល់ ព្រោះ​ហេតុ​នៃ​រូប ព្រោះ​រូប​ជា​បច្ច័យ ព្រោះ​ដំណើរ​នៃ​រូប កាលបើ​រូប​មាន​ សត្វ​ទាំងឡាយ ត្រូវ​គេ​ធ្វើ​នូវ​កម្ម​កា​រណ៍​ផ្សេង​ៗ
ថយ | ទំព័រទី ៨៨ | បន្ទាប់