[៨៧] អធិប្បាយពាក្យថា ពួកជនដែលប្រហែស ក៏លំបាកព្រោះរូប ត្រង់ពាក្យថា លំបាក គឺលំបាក កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ដោយរោគក្នុងភ្នែក លំបាក កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ដោយរោគក្នុងត្រចៀក។បេ។ លំបាក កម្រើក បៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ដោយសម្ផស្សនៃរបោម មូស ខ្យល់ កំដៅថ្ងៃ សត្វលូន ហេតុនោះ (ទ្រង់ត្រាស់ថា) ក៏លំបាកព្រោះរូប។ មួយទៀត សត្វទាំងឡាយ កាលបើភ្នែកសាបសូន្យ បាត់បង់ រលប់រលាយ វិនាស ទៅប្រាស អន្តរធាន ក៏លំបាក។បេ។ ដល់នូវទោមនស្ស សត្វទាំងឡាយ កាលត្រចៀក ច្រមុះ អណ្តាត កាយ រូប សំឡេង ក្លិន រស ផ្សព្វ ត្រកូល ពួក អាវាស លាភ យស សេចក្តីសរសើរ សុខ ចីវរ បិណ្ឌបាត សេនាសនៈ គិលានប្បច្ចយភេសជ្ជបរិក្ខារ សាបសូន្យ បាត់បង់ រលប់រលាយ វិនាស ទៅប្រាស អន្តរធាន លំបាក កម្រើក ត្រូវសេចក្តីវិនាសបៀតបៀន ខ្ទាំងខ្ទប់ ខ្លាច ដល់នូវទោមនស្ស ហេតុនោះ (ទ្រង់ត្រាស់ថា) ក៏លំបាកព្រោះរូប យ៉ាងនេះក៏បាន។