ពាក្យថា ដើម្បីការមិនកើតទៀត គឺរូបរបស់អ្នក គប្បីរលត់ក្នុងទីនេះឯង យ៉ាងណា បដិសន្ធិភព មិនគប្បីកើតទៀត ក្នុងកាមធាតុក្តី រូបធាតុក្តី អរូបធាតុក្តី កាមភពក្តី រូបភពក្តី អរូបភពក្តី សញ្ញាភពក្តី អសញ្ញាភពក្តី នេវសញ្ញានាសញ្ញាភពក្តី ឯកវោការភពក្តី ចតុវោការភពក្តី បញ្ចវោការភពក្តី គឺមិនកើត មិនបង្កើត មិនកកើត មិនកើតចំពោះក្នុងគតិ ឧបបត្តិ បដិសន្ធិ សំសារ និងវដ្តៈទៀត គឺថា គប្បីរលត់ គប្បីចូលទៅរម្ងាប់ គប្បីដល់នូវការតាំងនៅមិនបាន គប្បីរម្ងាប់ចំពោះក្នុងភពនេះឯង ក៏យ៉ាងនោះឯង ហេតុនោះ (ទ្រង់ត្រាស់ថា) ចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត។ ហេតុនោះ ព្រះមានព្រះភាគត្រាស់ថា
(ព្រះមានព្រះភាគត្រាស់ថា ម្នាលបិង្គិយៈ) អ្នកកាលបើសំឡឹងមើលពួកមនុស្ស ដែលត្រូវតណ្ហាគ្របសង្កត់ ត្រូវសេចក្តីក្តៅក្រហាយកើតមាន ត្រូវជរាបៀតបៀន ម្នាលបិង្គិយៈ អ្នកនឹងទៅជាបុគ្គលមិនប្រហែស ព្រោះការឃើញនោះ ហេតុនេះ អ្នកចូរលះបង់តណ្ហា ដើម្បីការមិនកើតទៀត។