រមែង​ឃើញ​នូវ​សត្វ​ទាំងឡាយ​ កំពុង​ច្យុត កំពុង​កើត ថោកទាប ឧត្តម មាន​រូបល្អ រូបអាក្រក់ ទៅកាន់​សុគតិ ទៅកាន់​ទុគ្គតិ​ រមែង​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ ដែល​អន្ទោល​ទៅតាម​យថាកម្ម​ថា​ ឱហ្ន៎ ពួក​សត្វ​ដ៏​ចម្រើន​នេះ ប្រកបដោយ​កាយទុច្ចរិត ប្រកបដោយ​វចីទុច្ចរិត​ ប្រកបដោយ​មនោ​ទុច្ចរិត ជា​អ្នក​តិះដៀល​នូវ​ពួក​ព្រះ​អរិយៈ ជា​មិច្ឆាទិដ្ឋិ សមាទាន​នូវ​មិច្ឆាទិដ្ឋិ ពួក​សត្វ​នោះ លុះ​បែកធ្លាយ​រាងកាយ​បន្ទាប់​អំពី​សេចក្ដីស្លាប់​ទៅ​ ក៏​ទៅ​កើត​ក្នុង​អបាយ ទុគ្គតិ វិនិបាត នរក ចំណែកខាង​ពួក​ដ៏​សត្វ​ចម្រើន​នេះ ប្រកបដោយ​កាយសុចរិត​ ប្រកបដោយ​វចីសុចរិត ប្រកបដោយ​មនោសុចរិត ជា​អ្នក​មិន​តិះដៀល នូវ​ពួក​ព្រះ​អរិយៈ ជា​សម្មាទិដ្ឋិ​ សមាទាន​នូវ​សមា​ទិដ្ឋិ ពួក​សត្វ​នោះ លុះ​បែកធ្លាយ​រាងកាយ​បន្ទាប់​អំពី​សេចក្ដី​ស្លាប់ ក៏​ទៅ​កើត​ក្នុង​សុគតិ សួគ៌ ទេវលោក​ ភិក្ខុ​នោះ មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ កន្លង​នូវ​ចក្ខុ​របស់​មនុស្សសាមញ្ញ​ រមែង​ឃើញ​នូវ​ពួក​សត្វ​ដែល​កំពុង​ច្យុត កំពុង​កើត ថោកទាប ឧត្តម មាន​រូបល្អ រូបអាក្រក់​ ទៅកាន់​សុគតិ ទៅកាន់​ទុគ្គតិ រមែង​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ដែល​អន្ទោល​ទៅតាម​កម្ម យ៉ាងនេះ​ឯង​ ឈ្មោះថា​ញាណ ដោយ​អត្ថ​ថា​ដឹង​នូវ​ធម៌​នោះ ឈ្មោះថា​បញ្ញា ដោយ​អត្ថ​ថា​ដឹង​ច្បាស់​នូវ​ធម៌​នោះ​ ហេតុ​នោះ លោក​ពោល​ថា បញ្ញា​ក្នុង​អត្ថ​ថា​ឃើញ​នូវ​រូប​និមិត្ត មាន​ភាព​ផ្សេង​ៗ និង​មាន​ភាព​តែមួយ​ ដោយអំណាច​នៃ​ពន្លឺ ឈ្មោះថា​ទិ​ព្វ​ចក្ខុ​ញ្ញាណ។
ថយ | ទំព័រទី ២៦០ | បន្ទាប់