អរូបគឺរបស់ឥតរូបខាងក្នុង នេះឯងជារូបខាងក្រៅ បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប បុគ្គលខ្លះក្នុងលោកនេះ មិនធ្វើទុកក្នុងចិត្ត នូវនិមិត្តមានពណ៌លឿង នូវនិមិត្តមានពណ៌ក្រហម នូវនិមិត្តមានពណ៌សដ៏ប្រាកដ ជានិមិត្តខាងក្នុង មិនបាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស តែប្រមូលចិត្តទៅក្នុងនិមិត្តមានពណ៌ស ជានិមិត្តខាងក្រៅ បាននូវសេចក្ដីសម្គាល់ក្នុងពណ៌ស បុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្ត គឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃ លុះបុគ្គលនោះ ធ្វើនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកាន់យកដោយប្រពៃ ពិចារណានូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនពិចារណាដោយប្រពៃ កំណត់ទុកនូវនិមិត្តនោះ ឲ្យជានិមិត្តគឺខ្លួនកំណត់ទុកដោយប្រពៃហើយ ក៏សេព ចម្រើន ធ្វើឲ្យច្រើននូវនិមិត្តនោះ បុគ្គលនោះមានសេចក្ដីត្រិះរិះយ៉ាងនេះថា អរូបគឺរបស់ឥតរូបខាងក្នុង នេះឯងជារូបខាងក្រៅ បុគ្គលនោះ ឈ្មោះថាជាអ្នកមានសេចក្ដីសម្គាល់ក្នុងរូប។ យ៉ាងនេះឯង ឈ្មោះថា អជ្ឈត្តំ អរូបសញ្ញី ពហិទ្ធា រូបានិ បស្សតីតិ វិមោក្ខ។