មួយទៀត ព្រះយោគាវចរទាំងឡាយណាមួយ បានធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្តបុគ្គល កាលព្រះយោគាវចរ ធ្វើទុកក្នុងចិត្ត ថាមិនទៀង សទ្ធិន្ទ្រិយជាគុណជាតដ៏ក្រៃលែង ព្រះយោគាវចរ បានចំពោះនូវសកទាគាមិមគ្គ ព្រោះមានសទ្ធិន្ទ្រិយដ៏ក្រៃលែង។បេ។ សកទាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរ បានចំពោះនូវអនាគាមិមគ្គ ឯអនាគាមិផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ព្រះយោគាវចរបានចំពោះនូវអរហត្តមគ្គ ឯអរហត្តផល ជាផលគឺព្រះយោគាវចរនោះ បានធ្វើឲ្យជាក់ច្បាស់ហើយ ហេតុនោះ ព្រះយោគាវចរនោះ លោកហៅថា សទ្ធាធិមុត្តបុគ្គល ឥន្ទ្រិយ ៤ ប្រព្រឹត្តទៅតាមសទ្ធិន្ទ្រិយដ៏ក្រៃលែងនោះ។បេ។ ជាសម្បយុត្តប្បច្ច័យ ឥន្ទ្រិយ ៤ ជាឥន្ទ្រិយគឺព្រះយោគាវចរនោះបានអប់រំ អប់រំប្រពៃហើយ ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងឡាយណា បានធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ដោយអំណាចនៃសទ្ធិន្ទ្រិយ ព្រះយោគាវចរទាំងអស់នោះ ឈ្មោះថាសទ្ធាធិមុត្តបុគ្គល។
