[៣៩​] បុគ្គល​ពិចារណា​ឃើញ​ខ្លួន​ ថា​មាន​ក្នុង​វិញ្ញាណ តើ​ដូចម្ដេច។ បុគ្គល​ខ្លះ​ក្នុង​លោក​នេះ ពិចារណា​ឃើញ​រូប វេទនា​ សញ្ញា សង្ខារ ថា​ជា​ខ្លួន បុគ្គល​នោះ​មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា នេះឯង​ខ្លួន​របស់​អញ​ តែខ្លួន​របស់​អញ​នេះឯង មាន​ក្នុង​វិញ្ញាណ​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន ថា​មាន​ក្នុង​វិញ្ញាណ​ ប្រៀប​ដូច​កែវមណី​ដែល​បុគ្គល​ដាក់​ក្នុង​ដប បុរស​គប្បី​ពោល​ចំពោះ​កែវមណី​នុ៎ះ​ យ៉ាងនេះ​ថា នេះ​កែវមណី នេះ​ដប កែវមណី​ដោយឡែក ដប​ដោយឡែក តែ​កែវមណី​នេះឯង មាន​ក្នុង​ដប​នេះ​ ឈ្មោះថា​ពិចារណា​ឃើញ​កែវមណី ថា​មាន​ក្នុង​ដប មាន​ឧបមា​ដូចម្ដេច​មិញ មាន​ឧបមេយ្យ​ដូចជា​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ពិចារណា​ឃើញ​រូប វេទនា សញ្ញា សង្ខារ ថា​ជា​ខ្លួន បុគ្គល​នោះ មាន​សេចក្ដី​ត្រិះរិះ​យ៉ាងនេះ​ថា​ នេះឯង​ខ្លួន​របស់​អញ តែខ្លួន​របស់​អញ​នេះឯង មាន​ក្នុង​វិញ្ញាណ​នេះ ឈ្មោះថា​ពិចារណា​ឃើញ​ខ្លួន​ ថា​មាន​ក្នុង​វិញ្ញាណ ការ​ប្រកាន់​ស្អិត និង​ការ​ស្ទាបអង្អែល ឈ្មោះថា​ទិដ្ឋិ ទិដ្ឋិ​មិនមែន​វត្ថុ​ វត្ថុ​ក៏​មិនមែន​ទិដ្ឋិ ទិដ្ឋិ​ដោយឡែក វត្ថុ​ដោយឡែក ទិដ្ឋិ​ណា និង​វត្ថុ​ណា នេះ​ឈ្មោះថា អត្តា​នុ​ទិដ្ឋិ​ ជា​វិញ្ញាណ​វត្ថុ​កៈ​ទី ៤ អត្តា​នុ​ទិដ្ឋិ ជា​មិច្ឆាទិដ្ឋិ។បេ។
ថយ | ទំព័រទី ៤៦ | បន្ទាប់