នេះសំយោជនៈមិនមែនទិដ្ឋិ។ បុគ្គលខ្លះ ក្នុងលោកនេះ មានបីតកសិណបរិកម្មហើយ តែងផ្សាយទៅកាន់ឱកាសតិចតួច មានលោហិតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱទាតកសិណបរិកម្មហើយ តែងផ្សាយទៅ មានឱកាសកសិណបរិកម្មហើយ តែងផ្សាយទៅ បុគ្គលនោះ មានសេចក្ដីត្រិះរិះយ៉ាងនេះថា លោកនេះ មានទីបំផុត មានផ្លូវជុំវិញ បុគ្គលនោះ ឈ្មោះថាមានសេចក្ដីសម្គាល់នូវទីបំផុត ទិដ្ឋិ គឺការប្រកាន់ស្អិត និងការស្ទាបអង្អែលថា ធម្មជាតណាផ្សាយទៅ ធម្មជាតនោះ ឈ្មោះថាវត្ថុផង ឈ្មោះថាលោកផង វត្ថុ និងលោក ផ្សាយទៅដោយសភាវៈណា សភាវៈនោះ ឈ្មោះថាខ្លួនផង ឈ្មោះថាលោកផង បុគ្គលប្រកាន់ទីបំផុតនោះ ដោយទិដ្ឋិនោះ ព្រោះហេតុនោះ ឈ្មោះថា អន្តគ្គាហិកទិដ្ឋិ។បេ។ នេះឯង ការប្រកាន់ស្អិតនៃអន្តគ្គាហិកទិដ្ឋិ ថា លោកមានទីបំផុត ដោយអាការ ៥ យ៉ាង។