យុគនទ្ធវគ្គ បដិសម្ភិទាកថា
[៦៩] ខ្ញុំបាទស្តាប់មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគទ្រង់គង់នៅក្នុងឥសិបតនមិគទាយវ័ន ទៀបក្រុងពារាណសី។ ក្នុងទីនោះឯង ព្រះមានព្រះភាគ ទ្រង់ត្រាស់នឹងបញ្ចវគ្គិយភិក្ខុថា ម្នាលភិក្ខុទាំងឡាយ អន្តធម៌(១) (ធម៌ជាទីបំផុត ឬធម៌អម) ពីរនេះ បព្វជិតមិនគួរសេពគប់ឡើយ។ អន្តធម៌ពីរ តើដូចម្តេច សេចក្តីព្យាយាម ប្រកបខ្លួនទុកក្នុងកាមសុខ ក្នុងវត្ថុកាមទាំងឡាយ (កាមសុខល្លិកានុយោគ) ដែលជាធម៌ថោកទាប ជារបស់អ្នកស្រុក ជារបស់បុថុជ្ជន មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជន៍ ១ សេចក្តីព្យាយាមប្រកបខ្លួនឲ្យលំបាក (អត្តកិលមថានុយោគ) ជាធម៌នាំមកនូវទុក្ខ មិនមែនជារបស់អរិយបុគ្គល មិនប្រកបដោយប្រយោជ ន៍ ១ ម្នាលភិក្ខុទាំងឡាយ ឯមជ្ឈិមាបដិបទា (សេចក្តីប្រតិបត្តិជាកណ្តាល) មិនប៉ះពាល់នូវអន្តធម៌ទាំងពីរនុ៎ះទេ តថាគតបានត្រាស់ដឹងហើយ ជាសេចក្តីប្រតិបត្តិធ្វើឲ្យកើតបញ្ញាចក្ខុ ធ្វើឲ្យកើតញាណ ប្រព្រឹត្តទៅដើម្បីសេចក្តីរម្ងាប់ (កិលេស) ដើម្បីស្គាល់ (នូវអរិយសច្ច) ដើម្បីត្រាស់ដឹង (នូវអរិយសច្ច) ដើម្បីនិព្វាន។
(១) ធម៌ គឺសេចក្តីប្រតិបត្តិធូរពេក និងតឹងពេក ចាត់ទុកថាជាធម៌ទីបំផុតខាងដើម និងខាងចុងនៃមជ្ឈិមាបដិបទា ឬចាត់ទុកថាជាធម៌អមនៃមជ្ឈិមាបដិបទា ហេតុនោះ ទើបឈ្មោះថា អន្តធម៌។