[៧] ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ មិន​រាយមាយ ដោយអំណាច​ឥត​ព្យាបាទ ឈ្មោះថា​សមាធិ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ មិន​រាយមាយ ដោយអំណាច​នៃ​ការ​សំគាល់​ពន្លឺ ឈ្មោះថា​សមាធិ។បេ។ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ មិន​រាយមាយ ដោយអំណាច​នៃ​ដងើ្ហម​ចេញ របស់​បុគ្គល​អ្នក​ឃើញ​រឿយ ៗ ក្នុង​ការ​រលាស់ខ្លួន​ចេញ … ដោយអំណាច​នៃ​ដងើ្ហម​ចូល របស់​បុគ្គល​អ្នក​ឃើញ​រឿយ ៗ ក្នុង​ការ​រលាស់ខ្លួន​ចេញ ឈ្មោះថា​សមាធិ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ថា​មិន​ទៀង ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ថា​ជា​ទុក្ខ ឈ្មោះថា​វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ថា​មិនមែន​ខ្លួន នូវ​ធម៌​ទាំងឡាយ​ដែល​កើត​ក្នុង​សមាធិ​នោះ សមថៈ (កើត) មុន វិបស្សនា (កើត) ក្រោយ ហេតុ​នោះ លោក​ពោល​ថា ភិក្ខុ​ចម្រើន​វិបស្សនា មាន​សមថៈ​ជា​ប្រធាន ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ចម្រើន បាន​ដល់​ការ​ចំរើន (ភាវនា) ៤ យ៉ាង គឺ​ការ​ចំរើន ដោយ​អត្ថ​ថា មិន​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​សមាធិ​នោះ ១ ការ​ចំរើន ដោយ​អត្ថ​ថា មាន​រស​តែមួយ​នៃ​ឥន្រ្ទិយ​ទាំងឡាយ ១ ការ​ចំរើន ដោយ​អត្ថ​ថា នាំទៅ​ដោយ​វីរិយៈ​ដ៏ សមគួរ​ដល់​ឥន្រ្ទិយ​នោះ ១ ការ​ចំរើន ដោយ​អត្ថ​ថា​ឧស្សាហ៍​សេព ១។
ថយ | ទំព័រទី ២២ | បន្ទាប់