ភិក្ខុ​លះ​សញ្ញា​ជនៈ ៥ នេះ គឺ រូប​រាគៈ អរូប​រាគៈ មានះ ឧទ្ធច្ចៈ អវិជ្ជា ដោយ​អរហត្តមគ្គ អនុស័យ ៣ នេះ គឺ មា​នា​នុ​ស័យ ភវ​រាគានុស័យ អវិ​ជ្ជានុ​ស័យ ក៏​វិនាស ភិក្ខុ​លះ​សញ្ញោជនៈ​ទាំងឡាយ អនុស័យ​ទាំងឡាយ ក៏​វិនាស យ៉ាងនេះ ភិក្ខុ​ចម្រើន​វិបស្សនា មាន​សមថៈ​ជា​ប្រធាន យ៉ាងនេះ​ឯង។
 [៨] ភិក្ខុ​ចម្រើន​សមថៈ មាន​វិបស្សនា​ជា​ប្រធាន តើ​ដូ​ចមេ្តច។ វិបស្សនា ដោយ អត្ថ​ថា​ឃើញ​រឿយ ៗ ថា​មិន​ទៀង វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ថា​ជា​ទុក្ខ វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ថា​មិនមែន​ខ្លួន មួយទៀត ភាព​នៃ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​សមាធិ​នោះ មាន​អារម្មណ៍​គួរ​លះ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ ឈ្មោះថា​សមាធិ វិបស្សនា (កើត) មុន សមថៈ (កើត) ក្រោយ ហេតុ​នោះ លោក​ពោល​ថា ភិក្ខុ​ចម្រើន​សមថៈ មាន​វិបស្សនា​ជា​ប្រធាន ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ចម្រើន បាន​ដល់​ការ​ចម្រើន ៤ យ៉ាង។បេ។ ការ​ចម្រើន ដោយ​អត្ថ ថា​ឧស្សាហ៍​សេព។បេ។ សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​កើតឡើង តើ​មគ្គ​កើតឡើង ដូ​ចមេ្តច។បេ។ មគ្គ​កើតឡើង យ៉ាងនេះ។បេ។
ថយ | ទំព័រទី ២៥ | បន្ទាប់