ហេតុ​នោះ ឈ្មោះថា​ចិត្ត​មិន​ញាប់ញ័រ ១ នេះ​មូល ១៦ របស់​ឫទ្ធិ ប្រព្រឹត្តទៅ​ដើម្បី​បាន​នូវ​ឫទ្ធិ ដើម្បី​បាន​ចំពោះ​នូវ​ឫទ្ធិ ដើម្បី​ធ្វើឲ្យ​ប្លែក​នូវ​ឫទ្ធិ ដើម្បី​បង្ហូរ​ទៅ​នៃ​ឫទ្ធិ ដើម្បី​ភាព​នៃ​ការ​ស្ទាត់ជំនាញ​ក្នុង​ឫទ្ធិ ដើម្បី​សេចក្តី​ក្លៀវក្លា​ក្នុង​ឫទ្ធិ។
 [១៥៦] ឫទ្ធិ គឺ​ការ​អធិដ្ឋាន តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ តាក់តែង​នូវ​ឫទ្ធិ​បាន​ច្រើនប្រការ គឺ​មនុស្សម្នាក់ ធ្វើឲ្យ​ទៅជា​ច្រើន​នាក់​ក៏បាន មនុស្ស​ច្រើន​នាក់ ធ្វើឲ្យ​ទៅជា​ម្នាក់​វិញ​ក៏បាន ដើរ (ទំ​លុះ) ទៅកាន់​ទីវាល ទី​ខាងក្រៅ ទី​ក្រៅ​ជញ្ជាំង ទី​ក្រៅ​កំពែង ទី​ក្រៅ​ភ្នំ ឥតមាន​ទើសទាក់ ដូច​គេ​ដើរ​ក្នុង​អាកាស​ក៏បាន ធ្វើ​នូវ​ការ​ងើប​មុជ​ក្នុង​ផែនដី ដូច​គេ​ងើប​មុជ​ក្នុងទឹក​ក៏បាន ដើរ​លើទឹក​ឥតមាន​បែកធ្លាយ ដូច​គេ​ដើរ​លើ​ផែនដី​ក៏បាន ទៅ​ទាំង​ភ្នែន​ក្នុង​អាកាស ដូច​បក្សី​សកុណជាតិ​ក៏បាន យកដៃ​ស្ទាបអង្អែល​នូវ​ព្រះ​ចន្រ្ទ និង​ព្រះអាទិត្យ​ទាំងនេះ ដែល​មាន​ឫទ្ធិ​ច្រើនយ៉ាង​នេះ មាន​អានុភាព​ច្រើនយ៉ាង​នេះ​ក៏បាន ញុំាង​អំណាច​ឲ្យ​ប្រព្រឹត្តទៅ​ទាំង​កាយ រហូតដល់​ព្រហ្មលោក​ក៏បាន។
ថយ | ទំព័រទី ២៦៨ | បន្ទាប់