លុះបង្អោនកាយទៅដោយអំណាចនៃចិត្ត អធិដ្ឋាននូវកាយដោយអំណាចនៃចិត្តហើយ ទើបចុះកាន់សុខសញ្ញាផង កាន់លហុសញ្ញាផង ហើយទៅកាន់ព្រហ្មលោក ដោយកាយមិនប្រាកដ ភិក្ខុនោះ និមិ្មតរូបខ្លួនដែលសម្រេចអំពីចិត្ត មានអវយវៈតូចធំសព្វគ្រប់ មានឥន្រ្ទិយមិនថោកទាបនៅខាងមុននៃព្រហ្មនោះ បើភិក្ខុមានឫទ្ធិនោះចង្រ្កម រូបនិម្មិតក៏ចង្រ្កមក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឈរ រូបនិម្មិតក៏ឈរក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះអង្គុយ រូបនិម្មិតនោះក៏អង្គុយក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសិង រូបនិម្មិតក៏សិងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះបញ្ចេញផ្សែង រូបនិម្មិតក៏បញ្ចេញផ្សែងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះឆេះទៅជាភ្លើង រូបនិម្មិតក៏ឆេះទៅជាភ្លើងក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសំដែងធម៌ រូបនិម្មិតក៏សំដែងធម៌ក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះសួរនូវប្រស្នា រូបនិម្មិតក៏សួរនូវប្រស្នាក្នុងទីនោះដែរ បើភិក្ខុមានឫទ្ធិនោះ ត្រូវគេសួរប្រស្នា ហើយកំពុងដោះស្រាយ រូបនិម្មិតនោះក៏ត្រូវគេសួរប្រស្នា ហើយកំពុងដោះស្រាយក្នុងទីនោះដែរ