ព្រោះសម្រេចអត្ថនៃការលះបង់នូវរូបសញ្ញា នូវបដិឃសញ្ញា នូវនានត្តសញ្ញា ដោយ អាកាសានញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកាសានញ្ចាយតនសញ្ញា ដោយវិញ្ញាណញ្ចាយតនសមាបត្តិ។បេ។ ព្រោះសម្រេចអត្ថ នៃការលះបង់នូវវិញ្ញាណញ្ចាយតនសញ្ញា ដោយអាកិញ្ចញ្ញាយតនសមាបត្តិ។បេ។ ឈ្មោះថាឫទ្ធិ គឺការផ្សាយចេញនៃសមាធិ ព្រោះសម្រេចអត្ថនៃការលះបង់នូវអាកិញ្ចញ្ញាយតនសញ្ញា ដោយនេវសញ្ញានាសញ្ញាយតនសមាបត្តិ (ដូចជា) ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះសារីបុត្តមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះសញ្ជីវៈមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ព្រះខាណុកោណ្ឌញ្ញៈមានអាយុ ឫទ្ធិគឺការផ្សាយចេញនៃសមាធិ របស់ឧបាសិកាឈ្មោះឧត្តរា ឫទ្ធិគឺការផ្សាយចេញនៃសមាធិរបស់ឧបាសិកាឈ្មោះសមាវតី នេះឫទ្ធិ គឺការផ្សាយចេញនៃសមាធិ។