[១៦១] ឫទ្ធិ គឺ​ភាព​អ្នក​ខ្ពង់ខ្ពស់ តើ​ដូចម្តេច។ ភិក្ខុ​ក្នុង​សាសនា​នេះ បើ​ប្រាថ្នា​ថា អាត្មាអញ គប្បី​មាន​សេចក្តី​សំគាល់​ថា​មិន​គួរ​ខ្ពើម ក្នុង​របស់​គួរ​ខ្ពើម លោក​ក៏​ជា​អ្នក​សំគាល់​ថា​មិន​គួរ​ខ្ពើម​ក្នុង​របស់​នោះ បើ​ប្រាថ្នា​ថា អាត្មាអញ គប្បី​មាន​សេចក្តី​សំគាល់​ថា​គួរ​ខ្ពើម ក្នុង​របស់​មិន​គួរ​ខ្ពើម លោក​ក៏​ជា​អ្នក​សំគាល់​ថា​គួរ​ខ្ពើម ក្នុង​របស់​នោះ បើ​ប្រាថ្នា​ថា អាត្មាអញ គប្បី​មាន​សេចក្តី​សំគាល់​ថា​មិន​គួរ​ខ្ពើម​ក្នុង​របស់​គួរ​ខ្ពើម​ផង ក្នុង​របស់​មិន​គួរ​ខ្ពើម​ផង លោក​ក៏​ជា​អ្នក​សំគាល់​ថា​មិន​គួរ​ខ្ពើម​ក្នុង​របស់​នោះ បើ​ប្រាថ្នា​ថា អាត្មាអញ គប្បី​មាន​សេចក្តី​សំគាល់​ថា​គួរ​ខ្ពើម​ក្នុង​របស់​មិន​គួរ​ខ្ពើម​ផង ក្នុង​របស់​គួរ​ខ្ពើម​ផង លោក​ក៏​ជា​អ្នក​សំគាល់​ថា​គួរ​ខ្ពើម​ក្នុង​របស់​នោះ បើ​ប្រាថ្នា​ថា អាត្មាអញ គប្បី​វៀរបង់​នូវ​បទ​ទាំង ២ នោះ គឺ​ក្នុង​របស់​គួរ​ខ្ពើម និង​មិន​គួរ​ខ្ពើម ហើយ​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន ប្រកបដោយ​ឧបេក្ខា លោក​ក៏​ជា​អ្នកមាន​ស្មារតី​ដឹងខ្លួន មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ក្នុង​របស់​នោះ។
 ភិក្ខុ​មាន​សេចក្តី​សំគាល់​ថា​មិន​គួរ​ខ្ពើម ក្នុង​របស់​គួរ​ខ្ពើម តើ​ដូចម្តេច។ ភិក្ខុ​ផ្សាយ​មេត្តាចិត្ត ឬពិចារណា​ថា​ជា​ធាតុ ក្នុង​វត្ថុ​មិនជា​ទី​ប្រាថ្នា យ៉ាងនេះ ឈ្មោះថា អ្នកមាន​សេចក្តី​សំគាល់​ថា​មិន​គួរ​ខ្ពើម ក្នុង​វត្ថុ​គួរ​ខ្ពើម។
ថយ | ទំព័រទី ២៨១ | បន្ទាប់