រមែង​លះបង់ មិន​ប្រកាន់​ទេ កាល​ពិចារណា​ឃើញថា​មិន​ទៀង រមែង​លះបង់​នូវ​សេចក្តី​សំគាល់​ថា​ទៀង។បេ។ កាល​លះបង់ រមែង​លះបង់​នូវ​ការ​ប្រកាន់ បុគ្គល​ពិចារណា​ឃើញ​ចិត្ត ដោយ​អាការ​ទាំង ៧ នេះ ចិត្ត ឈ្មោះថា​ឧបដ្ឋាន មិន​ឈ្មោះថា​សតិ​ទេ ឯស​តិ ឈ្មោះថា ឧបដ្ឋាន​ផង ឈ្មោះថា​សតិ​ផង បុគ្គល​ពិចារណា​ឃើញ​នូវ​ចិត្ត​នោះ ដោយ​សតិ​នោះ ដោយ​ញាណ​នោះ ព្រោះហេតុនោះ លោក​ពោល​ថា ចិ​ត្តេ​ចិ​ត្តា​នុបស្ស​នា​សតិ​ប្ប​ដ្ឋាន​ភាវនា ដោយ​ប្រការ​ដូច្នេះ។
 ពាក្យ​ថា ភាវនា បាន​ដល់​ភាវនា ៤។បេ។ ភាវនា ដោយ​អត្ថ​ថា​សេព។បេ។ ភិក្ខុ​ជា​អ្នក​ពិចារណា​ឃើញ​នូវ​ចិត្ត​ក្នុងចិត្ត យ៉ាងនេះ​ឯង។
 [២០១] ជា​អ្នក​ពិចារណា​ឃើញ​នូវ​ធម៌​ក្នុង​ធម៌​ទាំងឡាយ តើ​ដូចម្តេច។ បុគ្គល​ពួក​មួយ ក្នុង​លោក​នេះ លើកទុក​កាយ លើកទុក​វេទនា លើកទុក​ចិត្ត ហើយ​ពិចារណា​ឃើញ​នូវ​ធម៌​ដ៏​សេសសល់​អំពី​កាយ វេទនា និង​ចិត្ត​នោះ ថា​មិន​ទៀង មិនមែន​ថា​ទៀង​ទេ ពិចារណា​ឃើញថា​ជា​ទុក្ខ មិនមែន​ថា​ជា​សុខ​ទេ ពិចារណា​ឃើញ ថា​មិនមែន​ខ្លួន មិនមែន​ថា​ជា​ខ្លួន​ទេ រមែង​នឿយណាយ មិន​រីករាយ​ទេ រមែង​ជិនណាយ មិន​ត្រេកអរ​ទេ រមែង​រំលត់ មិន​ឲ្យ​កើត​ទេ
ថយ | ទំព័រទី ៣២៧ | បន្ទាប់