ភិក្ខុ​ចម្រើន​ធម៌ ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​សូន្យ តើ​ដូ​ចមេ្តច។ កាល​បុគ្គល​លះ​នូវ​ឧទ្ធច្ចៈ ភាព​នៃ​ចិត្ត​មាន​អារម្មណ៍​តែមួយ ការ​មិន​រាយមាយ គឺ​សមាធិ ជា​ធម៌​សូន្យ​ចាក​ការ​ប្រកាន់​ស្អិត​ទាំងពួង មាន​និរោធ​ជា​គោចរ កាល​បុគ្គល​លះ​អវិជ្ជា វិបស្សនា ដោយ​អត្ថ​ថា​ឃើញ​រឿយ ៗ ក៏​ជា​គុណជាតិ​សូន្យ ចាក​ការ​ប្រកាន់​ស្អិត​ទាំងពួង មាន​និរោធ​ជា​គោចរ​ដែរ សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​សូន្យ ជា​គុណជាតិ មាន​រស​តែមួយ ជាប់គ្នា​ជាគូ មិន​កន្លង​នូវ​គ្នានឹងគ្នា ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ លោក​ទើប​ពោល​ថា ភិក្ខុ​ចម្រើន​ធម៌​ដែល​ជាប់គ្នា​ជាគូ គឺ​សមថៈ និង​វិបស្សនា ដោយ​អត្ថ​ថា​សូន្យ។
 ពាក្យ​ថា ចម្រើន បាន​ដល់​ការ​ចម្រើន ៤ យ៉ាង គឺ​ការ​ចម្រើន​ដោយ​អត្ថ​ថា មិន​កន្លង​នូវ​ធម៌​ទាំងឡាយ ដែល​កើត​ក្នុង​សមាធិ​នោះ ការ​ចម្រើន ដោយ​អត្ថ​ថា​ឥន្រ្ទិយ​ទាំងឡាយ មាន​រស​តែមួយ ការ​ចម្រើន ដោយ​អត្ថ​ថា​នាំទៅ​ដោយ​វីរិយៈ ដ៏​សមគួរ​ដល់​ឥន្រ្ទិយ​នោះ ការ​ចម្រើន​ដោយ​អត្ថ​ថា ឧស្សាហ៍​គប់​រក។បេ។ សំនួរ​ត្រង់​ពាក្យ​ថា មគ្គ​កើតឡើង តើ​មគ្គ​កើតឡើង​ដូ​ចមេ្តច។បេ។ មគ្គ​កើតឡើង យ៉ាងនេះ។បេ។
ថយ | ទំព័រទី ៣៥ | បន្ទាប់