សម្មាសង្កប្បៈ ដោយ​អត្ថ​ថា​លើក​ចិត្ត​ឡើង (កាន់​អារម្មណ៍) រមែង​ណាយ​ចាក​មិច្ឆាសង្កប្បៈ សម្មាវាចា ដោយ​អត្ថ​ថា​កំណត់ រមែង​ណាយ​ចាក​មិច្ឆាវាចា សម្មា​កម្មន្តៈ ដោយ​អត្ថ​ថា​ខ្នះខ្នែង រមែង​ណាយ​ចាក​មិច្ឆា​កម្មន្តៈ សម្មាអាជីវៈ ដោយ​អត្ថ​ថា​ផូរផង់ រមែង​ណាយ​ចាក​មិច្ឆាអាជីវៈ សម្មា​វាយាមៈ ដោយ​អត្ថ​ថា​ផ្គង​ឡើង រមែង​ណាយ​ចាក​មិច្ឆា​វាយាមៈ សម្មាសតិ ដោយ​អត្ថ​ថា​ប្រុងប្រយ័ត្ន រមែង​ណាយ​ចាក​មិច្ឆាសតិ សម្មាសមាធិ ដោយ​អត្ថ​ថា​មិន​រាយមាយ រមែង​ណាយ​ចាក​មិច្ឆាសមាធិ រមែង​ណាយ​ចាក​កិលេស​ទាំងឡាយ ដែល​ប្រព្រឹត្តទៅ​តាម​មិច្ឆាសមាធិ​នោះ​ផង ចាក​ខន្ធ​ទាំងឡាយ​ផង រមែង​ណាយ​ចាក​និមិត្ត​ទាំងពួង​ខាងក្រៅ​ផង វិ​រាគៈ មានការ​ណាយ​ជា​អារម្មណ៍ មានការ​ណាយ​ជា​គោចរ ប្រកប​ក្នុង​ការ​ណាយ ឋិតនៅ​ក្នុង​ការ​ណាយ តម្កល់​ស៊ប់​ក្នុង​ការ​ណាយ។ ពាក្យ​ថា វិ​រាគៈ បាន​ដល់​វិ​រាគៈ ២ យ៉ាង វិ​រាគៈ គឺ​និព្វាន ១ វិ​រាគៈ គឺ​ពួក​ធម៌​ណា​កើត​ហើយ ព្រោះ​មាន​និព្វាន​ជា​អារម្មណ៍ ធម៌​ទាំងអស់​នោះ តែង​មាន​សេចក្តី​ណាយ ១ វិ​រាគៈ​ជាម​គ្គ ព្រោះ​អង្គ​ទាំង ៧ ដែល​កើតជា​មួយ​គ្នា រមែង​ដល់​នូវ​ការ​ណាយ ផ្លូវ​ប្រកបដោយ​អង្គ ៨ ឈ្មោះថា​មគ្គ ព្រោះ ព្រះពុទ្ធ​ទាំងឡាយ និង​សាវ័ក​ទាំងឡាយ តែង​ទៅកាន់​ទិស​ដែលគេ​មិនធ្លាប់​ទៅ គឺ ព្រះនិព្វាន ដោយសារ​មគ្គ​នុ៎ះ
ថយ | ទំព័រទី ១២០ | បន្ទាប់