យុគ​នទ្ធ​វគ្គ បដិសម្ភិទា​កថា


 [៦៩] ខ្ញុំបាទ​ស្តាប់​មក យ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ​ទ្រង់​គង់នៅ​ក្នុង​ឥសិបតន​មិគទាយវ័ន ទៀប​ក្រុង​ពារាណសី។ ក្នុង​ទីនោះ​ឯង ព្រះមានព្រះភាគ ទ្រង់​ត្រាស់​នឹង​បញ្ចវគ្គិយ​ភិក្ខុ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ អន្តធម៌(១) (ធម៌​ជាទីបំផុត ឬធម៌​អម) ពីរ​នេះ បព្វជិត​មិន​គួរ​សេពគប់​ឡើយ។ អន្តធម៌​ពីរ តើ​ដូចម្តេច សេចក្តី​ព្យាយាម ប្រកប​ខ្លួន​ទុក​ក្នុង​កាមសុខ ក្នុង​វត្ថុកាម​ទាំងឡាយ (កាម​សុខល្លិកានុយោគ) ដែល​ជា​ធម៌​ថោកទាប ជា​របស់​អ្នកស្រុក ជា​របស់​បុថុជ្ជន មិនមែន​ជា​របស់​អរិយបុគ្គល មិន​ប្រកបដោយ​ប្រយោជន៍ ១ សេចក្តី​ព្យាយាម​ប្រកប​ខ្លួន​ឲ្យ​លំបាក (អត្តកិលម​ថានុយោគ) ជា​ធម៌​នាំមក​នូវ​ទុក្ខ មិនមែន​ជា​របស់​អរិយបុគ្គល មិន​ប្រកប​ដោយ​ប្រ​យោ​ជ ន៍ ១ ម្នាល​ភិក្ខុ​ទាំងឡាយ ឯមជ្ឈិមា​បដិបទា (សេចក្តី​ប្រតិបត្តិ​ជា​កណ្តាល) មិន​ប៉ះពាល់​នូវ​អន្តធម៌​ទាំងពីរ​នុ៎ះ​ទេ តថាគត​បាន​ត្រាស់​ដឹង​ហើយ ជា​សេចក្តី​ប្រតិបត្តិ​ធ្វើឲ្យ​កើត​បញ្ញាចក្ខុ ធ្វើឲ្យ​កើត​ញាណ ប្រព្រឹត្តទៅ​ដើម្បី​សេចក្តី​រម្ងាប់ (កិលេស) ដើម្បី​ស្គាល់ (នូវ​អរិយសច្ច) ដើម្បី​ត្រាស់​ដឹង (នូវ​អរិយសច្ច) ដើម្បី​និព្វាន។
(១) ធម៌ គឺ​សេចក្តី​ប្រតិបត្តិ​ធូរ​ពេក និង​តឹង​ពេក ចាត់ទុកថា​ជា​ធម៌​ទីបំផុត​ខាងដើម និង​ខាងចុង​នៃ​មជ្ឈិមា​បដិបទា ឬចាត់ទុកថា​ជា​ធម៌​អម​នៃ​មជ្ឈិមា​បដិបទា ហេតុ​នោះ ទើប​ឈ្មោះថា អន្តធម៌។
ថយ | ទំព័រទី ១៣២ | បន្ទាប់