ញាណ​មាន​កិរិយា​ឃើញ​ជា​អធិបតី ជាហេតុ ជា​បច្ច័យ​នៃ​ចិត្ត ញាណ​ដែល​ប្រកបដោយ​ចិត្ត​នោះ មាន​និរោធ​ជា​អារម្មណ៍ យ៉ាងនេះ ឈ្មោះថា​បុគ្គល​ត្រាស់​ដឹង​ដោយ​បច្ចុប្បន្ន​ចិត្ត​ផង ដោយ​ញាណ​ផង ក្នុង​ខណៈ​នៃ​លោកុត្តរ​មគ្គ។
 [១៦៨] ការ​ត្រាស់​ដឹង មានត្រឹមតែ​ប៉ុណ្ណោះទេ​ឬ។ មិនមែន​មានតែ​ប៉ុណ្ណោះទេ ក្នុង​ខណៈ​នៃ​លោកុត្តរ​មគ្គ មានការ​ត្រាស់​ដឹង​ដោយ​ការ​ឃើញ គឺ​សម្មាទិដ្ឋិ មានការ​ត្រាស់​ដឹង​ដោយ​កិរិយា​លើក​ចិត្ត​កាន់​អារម្មណ៍ គឺ​សម្មាសង្កប្បៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​កំណត់ គឺ​សម្មាវាចា ការ​ត្រាស់​ដឹង ដោយ​ការ​ខ្នះខ្នែង គឺ​សម្មា​កម្មន្តៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​ផូរផង់ គឺ​សម្មាអាជីវៈ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​ផ្គង​ឡើង គឺ​សម្មា​វាយាមៈ ការ​ត្រាស់​ដឹង​ដោយ​ការ​ប្រុង គឺ​សម្មាសតិ ការ​ត្រាស់​ដឹង​ដោយ​កិរិយា​មិន​រាយមាយ គឺ​សម្មាសមាធិ ការ​ត្រាស់​ដឹង​ដោយ​ការ​ប្រុង គឺ​សតិ​សម្ពោ​ជ្ឈង្គ។បេ។
ថយ | ទំព័រទី ២៨៨ | បន្ទាប់