កាលណា កូនខ្ចីរបស់ខ្ញុំនោះ ជាកុមារតូច ឋិតនៅក្នុងសេចក្ដីសុខ ជាទីស្រឡាញ់របស់ខ្ញុំ ដូចជាជីវិតរបស់ខ្លួន កាលនោះ កូននោះ ក៏លុះអំណាចនៃសេចក្ដីស្លាប់ទៅ។ ខ្ញុំមានសេចក្ដីសោកគ្របសង្កត់ មានមុខប្រកបដោយសេចក្ដីទុក្ខ មានភ្នែកពេញដោយទឹកភ្នែក មានមាត់យំ ពសាកសពដែលស្លាប់នោះ ដើរយំត្អូញត្អែរ។ កាលនោះ ខ្ញុំបានជួបបុរសម្នាក់ ក៏ចូលទៅរកព្រះពុទ្ធជាគ្រូពេទ្យដ៏ប្រសើរ ហើយពោលថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះអង្គឲ្យថ្នាំប្រោះកូនឲ្យរស់។ ព្រះជិនស្រី ព្រះអង្គជាអ្នកឈ្លាសវៃក្នុងឧបាយនៃការទូន្មាន ទ្រង់ត្រាស់ថា ជនទាំងឡាយដែលស្លាប់ហើយ មិនមានក្នុងផ្ទះណា ចូរនាងយកគ្រាប់ស្ពៃអំពីផ្ទះនោះមក (ឲ្យតថាគត)។ កាលនោះ ខ្ញុំដើរទៅកាន់ក្រុងសាវត្ថី រកមិនបានផ្ទះប្រាកដដូច្នោះ ព្រោះហេតុនោះ នឹងរកគ្រាប់ស្ពៃអំពីផ្ទះណាបាន លំដាប់នោះ ខ្ញុំក៏បាននូវស្មារតីឡើង។