ខ្ញុំក្រាបជិតព្រះលោកនាយក ព្រះអង្គមានព្យាយាម ព្រមទាំងព្រះសង្ឃដោយត្បូង ហើយប្រាថ្នានូវតំណែងដ៏ប្រសើរ ជាងពួកភិក្ខុនីដែលមានឈាន។ កាលនោះ ព្រះអង្គទូន្មានសត្វដែលមិនទាន់ទូន្មានហើយ ជាទីពឹងនៃលោកទាំង ៣ មានរស្មី ព្រះអង្គជានាយសារថីរបស់ពួកនរជន ទ្រង់ព្យាករថា នាងនឹងបាននូវតំណែងដែលនាងប្រាថ្នាហើយដោយប្រពៃនុ៎ះ។ ក្នុងមួយសែនកប្ប អំពីកប្បនេះ ព្រះសាស្ដា ព្រះនាមគោតម សម្ភពក្នុងឱក្កាកត្រកូល នឹងត្រាស់ឡើងក្នុងលោក។ នាងនឹងបានជាញាតិក្នុងធម៌ទាំងឡាយ របស់ព្រះសាស្ដាអង្គនោះ ជាឱរស ជាធម្មនិម្មិត ជាសាវិកានៃព្រះសាស្ដា មានឈ្មោះថា នាងនន្ទា។ កាលនោះ ខ្ញុំបានស្ដាប់ពុទ្ធព្យាករណ៍នោះហើយ ក៏មានចិត្តរីករាយ មានចិត្តប្រកបដោយមេត្តា បម្រើព្រះជិនស្រី ព្រះអង្គជានាយក ដោយបច្ច័យទាំងឡាយ ដរាបដល់អស់ជីវិត។ ដោយកុសលកម្ម ដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង ខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។