គ្រានោះ ខ្ញុំជាស្រីមានចំណែក្នុងបុណ្យនោះ ដោយវិសេស (បុរសនោះ) កើតក្នុងដែនកាសីទៀត ប្រាកដដោយឈ្មោះថា សមិត្តបុរស។ កាលនោះ ខ្ញុំជាភរិយាបុរសនោះ ជាអ្នកដល់នូវសេចក្ដីសុខ មានគេជាប់ចិត្ត ជាទីស្រឡាញ់នៃជន ឯប្ដីខ្ញុំបានប្រគេនឈ្នួតមានសាច់ក្រាស់ ដល់ព្រះបច្ចេកមុនី។ ម្យ៉ាងទៀត ខ្ញុំជាស្រីមានចំណែកដោយបុណ្យ ត្រេកអរនូវទានដ៏ឧត្ដមរបស់ប្ដីនោះ ឯបុរសនោះ កើតក្នុងជាតិកោលិយជន ក្នុងដែនកាសីទៀត។ កាលនោះ សមិត្តបុរសនោះ បម្រើព្រះបច្ចេកពុទ្ធ ៥០០ អង្គ មួយអន្លើដោយកោលិយបុត្រ ៥០០ នាក់។ រួចហើយនិមន្តព្រះបច្ចេកពុទ្ធទាំងឡាយ ឲ្យគង់នៅអស់ ៣ ខែ ហើយប្រគេនត្រៃចីវរ កាលនោះ ខ្ញុំជាប្រពន្ធនៃសមិត្តបុរសនោះ ជាអ្នកប្រព្រឹត្តទៅតាមគន្លងនៃបុញ្ញកម្ម។ សមិត្តបុរសនោះ ច្យុតចាកអត្តភាពនោះ បានកើតជាស្ដេចព្រះនាមនន្ទៈ មានយសធំ ខ្ញុំជាមហេសីនៃស្ដេចនោះ ជាអ្នកសម្រេចនូវសេចក្ដីប្រាថ្នាទាំងពួង។