បពិត្រព្រះមហាមុនី ខ្ញុំព្រះអង្គជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយ ទាំងស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណ ដោយសោតធាតុជាទិព្វ។ ខ្ញុំព្រះអង្គដឹងនូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំព្រះអង្គបានជម្រះហើយ អាសវៈទាំងពួង អស់រលីងហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថ ធម៌ និរុត្តិ និងបដិភាណ កើតឡើងហើយដល់ខ្ញុំ ក្នុងសំណាក់នៃព្រះអង្គ។ បពិត្រព្រះមហាមុនី ការគប់រកព្រះលោកនាថទាំងឡាយ ព្រះអង្គបានសម្ដែងហើយដោយប្រពៃ សេចក្ដីកសាងដ៏ច្រើនរបស់ខ្ញុំ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះមុនី សូមព្រះអង្គរលឹកកុសលកម្មរបស់ខ្ញុំ ដែលមានក្នុងកាលមុន បពិត្រព្រះអង្គមានព្យាយាមធំ បុណ្យ ខ្ញុំបានសន្សំហើយ ដើម្បីប្រយោជន៍ដល់ព្រះអង្គ។ បពិត្រព្រះអង្គមានព្យាយាមធំ ខ្ញុំបានលះបង់នូវអភព្វដ្ឋាន ហាមឃាត់នូវអនាចារៈ ហើយលះបង់ជីវិត ដើម្បីប្រយោជន៍ដល់ព្រះអង្គ។