បពិត្រព្រះមហាមុនី ស្រីទាំងឡាយ កន្លងនូវកាមធាតុ ឋិតនៅក្នុងរូបធាតុ ប្រាកដស្មើដោយរូបនៃស្រីទាំងមួយពាន់ គ្មានទេ។ ថេរីទាំងឡាយ មានឫទ្ធិច្រើន លុះថ្វាយបង្គំព្រះសម្ពុទ្ធហើយ សម្ដែងឫទ្ធិថ្វាយព្រះសាស្ដា សម្ដែងនូវមហិទ្ធិឫទ្ធិ មានអាការផ្សេងៗដ៏ច្រើន។ គឺសម្ដែងកាយស្មើនឹងចក្កវាឡ ឧត្តរកុរុទ្វីបជាក្បាល ទ្វីបទាំងពីរជាស្លាបទាំងពីរខាង ជម្ពូទ្វីបជាសរីរៈ។ ស្រះខាងត្បូង ជាសំណុំកន្ទុយស្ទឹងផ្សេងៗ ជាបំពង់ស្លាប ព្រះចន្រ្ទ និងព្រះអាទិត្យ ជាភ្នែក ភ្នំមេរុជាសិរ។ ភ្នំចក្កវាឡ និងដើមព្រីង ព្រមទាំងឫស ជាចំពុះ កាលបក់ហើយ ចូលមកថ្វាយបង្គំព្រះលោកនាយក ។ កាលនោះ បានសម្ដែងភេទនៃដំរី សេះ ភ្នំ ជលជាតិ ព្រះចន្រ្ទ ព្រះអាទិត្យ ភ្នំមេរុ និងភេទព្រះឥន្ទ។ បពិត្រព្រះអង្គមានព្យាយាម មានចក្ខុ យើងខ្ញុំ និងនាងយសោធរា សូមថ្វាយបង្គំព្រះបាទា បពិត្រព្រះអង្គជានាយកនៃជន យើងខ្ញុំសម្រេចហើយ ដោយអានុភាពរបស់ព្រះអង្គ អស់កាលដ៏យូរ។