ក្នុងកប្បប្រមាណមិនបានអំពីកប្បនេះ ព្រះពុទ្ធព្យាករនូវយើងខ្ញុំ ដោយព្រះពុទ្ធដីកាណា យើងខ្ញុំរមែងរីករាយ តាមព្រះពុទ្ធដីកានោះ ជាអ្នកធ្វើតាមយ៉ាងនោះ។ ជនទាំងឡាយ បានចាប់កំណើតជារបស់ទេវតា និងមនុស្ស រាប់មិនអស់ ហើយញ៉ាំងចិត្តឲ្យជ្រះថ្លាក្នុងព្រះពុទ្ធនោះ ដោយអំណាចនៃកម្មនោះ ដែលខ្លួនធ្វើល្អហើយ។ យើងខ្ញុំបានសោយសុខទុក្ខក្នុងទេវតាផង មនុស្សផង ដល់មកក្នុងបច្ឆិមភពនេះ បានមកកើតក្នុងត្រកូលសក្យៈ។ យើងខ្ញុំជាអ្នកមានរូបល្អ មានភោគសម្បត្តិច្រើន មានយស និងសីលដ៏ល្អ បរិបូណ៌ដោយអវយវៈសព្វគ្រប់ ជាអ្នកអង់អាចលើសក្នុងត្រកូលទាំងឡាយ។ ចិត្តនៃយើងខ្ញុំ ដែលប្រជុំចុះក្នុងលោកធម៌ មានលាភៈ សេចក្ដីសរសើរ និងគ្រឿងសក្ការៈ ជាចិត្តមិនដល់នូវសេចក្ដីទុក្ខទេ តើយើងខ្ញុំនឹងមានភ័យអំពីណា។