កាលយើងខ្ញុំនៅគ្រប់គ្រងផ្ទះ ពួងជនតែងនាំគ្រឿងសក្ការៈ ប្រកបដោយកាលទាំងពួង អស់កាលគ្រប់កាល ដោយផលនៃបុព្វកម្មរបស់យើងខ្ញុំ។ យើងខ្ញុំបានលះបង់ផ្ទះ ហើយចូលទៅកាន់ផ្នួស បានឆ្លងផ្លូវ គឺសំសារវដ្ដ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ជនទាំងឡាយ តែងនាំនូវចីវរប្បច្ច័យផង បិណ្ឌបាតប្បច្ច័យផង សេនាសនប្បច្ច័យផង ឲ្យដល់យើងខ្ញុំ ចំនួនមួយពាន់កហាបណៈ អំពីទីនោះៗ សព្វៗកាល។ កិលេសទាំងឡាយ យើងខ្ញុំដុតបំផ្លាញហើយ ភពទាំងអស់ យើងខ្ញុំដកចោលហើយ យើងខ្ញុំជាបុគ្គលមិនមានអាសវៈ ព្រោះបានកាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នូវទន្លីង។ ឱ! យើងខ្ញុំមកល្អហើយ ក្នុងសំណាក់ព្រះពុទ្ធជាបុគ្គលប្រសើរ វិជ្ជា ៣ យើងខ្ញុំបានដល់ហើយ សាសនារបស់ព្រះពុទ្ធ យើងខ្ញុំបានធ្វើហើយ។ បដិសម្ភិទា ៤ វិមោក្ខ ៨ និងអភិញ្ញា ៦ នេះ យើងខ្ញុំបានធ្វើឲ្យជាក់ច្បាស់ហើយ ទាំងសាសនារបស់ព្រះពុទ្ធ យើងខ្ញុំក៏បានប្រតិបត្តិហើយ។