បពិត្រព្រះសម្មតិទេព យើងខ្ញុំជាស្រី យើងខ្ញុំមិនមែនជាប្រុស បពិត្រព្រះមហាក្សត្រ សូមព្រះអង្គព្រះរាជទានសមណៈមួយរូបដល់ខ្ញុំម្ចាស់ៗ នឹងញ៉ាំងសមណៈនោះឲ្យឆាន់។ គ្រានោះឯង ព្រះរាជាបានទ្រង់ប្រទានសមណៈ មានឥន្ទ្រិយអប់រំហើយដល់ខ្ញុំ ទាំងខ្ញុំ បានកាន់យកបាត្ររបស់សមណៈនោះ ហើយញ៉ាំងបាត្រឲ្យពេញដោយបាយដ៏ឧត្ដម។ លុះដាក់បាយដ៏ឧត្ដម ព្រមទាំងគ្រឿងអប់ និងគ្រឿងលាបហើយ ក៏មានចិត្តត្រេកអរ បានយកសំពត់ផ្ទាំងធំគ្របបាត្រ ហើយនាំយកទៅប្រគេន។ ដោយកុសលកម្មដែលខ្ញុំធ្វើល្អនោះផង ដោយការតម្កល់នូវចេតនានោះផង លុះខ្ញុំលះបង់រាងកាយជារបស់មនុស្សហើយ ក៏បានទៅកើតក្នុងឋានតាវត្តឹង្ស។ ខ្ញុំបានធ្វើជាមហេសីនៃស្ដេចទេវតាមួយពាន់ដង បានធ្វើជាមហេសីនៃស្តេចចក្រពត្តិមួយពាន់ដង។ ខ្ញុំបានធ្វើជាមហេសីនៃស្ដេចប្រទេសរាជដ៏ធំទូលាយ រាប់ជាតិមិនអស់ ឯបុណ្យដទៃច្រើន មានប្រការផ្សេងៗ ផលនៃបុណ្យនោះ ច្រើនលើសនោះទៅទៀត។