ខ្ញុំស្គាល់តែគតិពីរ គឺទេវតា និងមនុស្ស ខ្ញុំមិនដែលស្គាល់គតិដទៃឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំស្គាល់តែត្រកូលខ្ពស់ ជាមហាសាល មានទ្រព្យច្រើន មិនដែលស្គាល់ត្រកូលដទៃឡើយ នេះជាផលនៃបិណ្ឌបាត។ ខ្ញុំត្រាច់រង្គាត់ទៅក្នុងភពតូចភពធំ ត្រូវកុសលមូលដាស់តឿន មិនដែលបានជួបប្រទះនឹងវត្ថុមិនពេញចិត្តឡើយ នេះជាផលនៃសេចក្ដីត្រេកអរ។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតហើយ អាសវៈទាំងពួងអស់ហើយ ឥឡូវនេះ ភពថ្មីមិនមានទៀតឡើយ។ បពិត្រព្រះអង្គមានព្យាយាមធំ សេចក្ដីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទានៃខ្ញុំព្រះអង្គ កើតឡើងក្នុងសំណាក់របស់ព្រះអង្គ។