ឥឡូវនេះ ដល់មកក្នុងបច្ឆិមភព ខ្ញុំកើតក្នុងត្រកូលមហាសេដ្ឋី បានចូលទៅជិតព្រះពុទ្ធ ហើយបានស្តាប់នូវព្រះសទ្ធម្ម ដែលប្រកបព្រមដោយមច្ចុ។ ខ្ញុំបួសហើយមិនយូរប៉ុន្មាន ក៏បានត្រិះរិះនូវប្រយោជន៍ទាំងពួង បានញុំាងអាសវៈទាំងពួងឲ្យអស់ ហើយបានសម្រេចព្រះអរហត្ត។ បពិត្រព្រះមហាមុនី ខ្ញុំជាអ្នកស្ទាត់ជំនាញក្នុងឫទ្ធិទាំងឡាយផង ជាអ្នកស្ទាត់ជំនាញក្នុងសោតធាតុដ៏ជាទិព្វផង ជាអ្នកស្ទាត់ជំនាញក្នុងចេតោបរិយញ្ញាណផង។ ខ្ញុំដឹងច្បាស់នូវបុព្វេនិវាស ទិព្វចក្ខុ ខ្ញុំបានជម្រះស្អាតល្អហើយ អាសវៈទាំងពួងរបស់ខ្ញុំអស់ហើយ ឥឡូវនេះ ភពថ្មីទៀតមិនមានឡើយ។ ខ្ញុំមានសេចក្តីដឹងក្នុងអត្ថប្បដិសម្ភិទា ធម្មប្បដិសម្ភិទា និរុត្តិប្បដិសម្ភិទា និងបដិភាណប្បដិសម្ភិទា ជាញាណស្អាត ឥតមានមន្ទិល ព្រោះហេតុនៃព្រះពុទ្ធដ៏ប្រសើរ។