សរីរៈរបស់ព្រះអង្គ ប្រាកដស្មើដោយគំនរមាស ដែលប្រាកដក្នុងដែនកុរុ សូមព្រះអង្គធ្វើឲ្យជារាងកាយ គឺខ្ញុំព្រះអង្គឃើញបានដោយងាយ បពិត្រព្រះនាយក ខ្ញុំព្រះអង្គនឹងទៅកាន់ព្រះនិព្វាន ជាទីស្ងប់រម្ងាប់។ ព្រះជិនស្រី ទ្រង់សម្តែងនូវរាងកាយ ប្រកបដោយលក្ខណៈ ៣២ ប្រដាប់ដោយពន្លឺដ៏ល្អ ដូចព្រះអាទិត្យដ៏ស្រទន់នាអាកាស ក្នុងវេលាល្ងាច។ លំដាប់នោះ ព្រះនាងគោតមីនោះ ក្រាបចុះដោយសិរ្សៈទៀបព្រះបាទា ប្រាកដស្មើដោយផ្កាឈូករីក មានរស្មីដូចព្រះអាទិត្យទើបនឹងរះ ប្រដាប់ដោយចក្រ ហើយទូលថា ខ្ញុំសូមថ្វាយបង្គំព្រះអង្គជាព្រះអាទិត្យរបស់នរជន ជាទង់ក្នុងអាទិច្ចត្រកូល ព្រះអង្គជាទីពឹងរបស់ខ្ញុំ ក្នុងកាលជាទីបំផុត ខ្ញុំមិនបានឃើញព្រះអង្គទៀតទេ។ បពិត្រព្រះអង្គជាកំពូលនៃលោក ធម្មតាស្រ្តីទាំងឡាយ ធ្វើនូវទោសទាំងពួង ហើយស្លាប់ទៅ បើទោសរបស់ខ្ញុំមានបន្តិចបន្តួច បពិត្រព្រះអង្គទ្រង់ធ្វើសេចក្តីករុណា សូមព្រះអង្គអត់ទោសនោះដល់ខ្ញុំ។