កុសល​នុ៎ះ ជា​អារម្មណ៍​របស់ខ្ញុំ ខ្ញុំ​រលឹក​ដរាបដល់​អស់ជីវិត ខ្ញុំ​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ព្រោះ​ញុំាង​ចិត្ត​ឲ្យ​ជ្រះថ្លា​ក្នុង​កុសល​នោះ។ ខ្ញុំ​បាន​នូវ​ភាព​នៃ​ខ្លួន​ជាម​ហេ​សី​នៃ​ស្តេច​ទេវតា​ទាំងឡាយ ៣០ ដង សេចក្តី​ប្រាថ្នា​ដែល​ខ្ញុំ​ប្រាថ្នា​ហើយ​ក្នុងចិត្ត ក៏​កើតឡើង​ដល់​ខ្ញុំ ដូចសេចក្តី​ប្រាថ្នា។ ខ្ញុំ​បាន​នូវ​ភាពជា​មហេសី​នៃ​ស្តេច​ចក្រ​ពតិ្ត ២០ ដង ខ្ញុំ​ជា​ស្រី​មាន​កុសល​សន្សំ​ហើយ តែង​អន្ទោល​ទៅ​ក្នុង​ភព​តូច និង​ភព​ធំ។ ខ្ញុំ​រួចចាក​ចំណង​ទាំងអស់​ហើយ ខ្ញុំ​ជា​អ្នក​ប្រាសចាក​កំណើត​ហើយ អស់​អាសវៈ ទាំងពួង​រលីង​ហើយ ឥឡូវនេះ ភព​ថ្មីទៀត​មិន​មាន​ឡើយ។ ក្នុង​កប្ប​ទី ៩១ អំពី​ភទ្ទកប្ប​នេះ ព្រោះ​ហេតុ​ដែល​ខ្ញុំ​បាន​ថ្វាយ​ទាន ក្នុង​កាលនោះ ខ្ញុំ​មិនដែល​ស្គាល់​ទុគ្គតិ នេះ​ជា​ផល​នៃ​បិណ្ឌបាតទាន។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​ដក​ចោល​ហើយ ខ្ញុំ​ជា​ស្រី​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់​ផ្តាច់​នូវ​ទន្លីង។ ឱ! ខ្ញុំ​មក​ល្អ​ហើយ ក្នុង​សំណាក់​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ វិជ្ជា ៣ ខ្ញុំ​បានសម្រេច​ហើយ ពុទ្ធសាសនា ខ្ញុំ​បាន​ធ្វើ​ហើយ។
ថយ | ទំព័រទី ១១ | បន្ទាប់