ខ្ញុំ​ដឹង​នូវ​បុព្វេ​និ​វា​សៈ ទាំង​ទិព្វចក្ខុ ខ្ញុំ​បាន​ជម្រះ​ហើយ ខ្ញុំ​ជា​ភិក្ខុនី​បរិសុទ្ធ​ឥតមាន​មន្ទិល ព្រោះ​បាន​ញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់​ហើយ។ លំដាប់នោះ ខ្ញុំ​បាន​រៀន​វិន័យ​ទាំងអស់​ក្នុង​សំណាក់​របស់​ព្រះពុទ្ធ ព្រះអង្គ​ឃើញ​ហេតុ​ទាំងអស់​ផង ខ្ញុំ​ឆ្លើយ​ដោះស្រាយ​នូវ​សេចក្តី​ពិស្ដារ​គ្រប់យ៉ាង តាមពិត​ផង។ ព្រះ​ជិនស្រី​ត្រេកអរ ចំពោះ​គុណ​នោះ​ហើយ តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ​ថា នាង​បដាចារា ជា​ភិក្ខុនី​ឯក ប្រសើរ​ជាង​ពួក​ភិក្ខុនី​អ្នក​ទ្រទ្រង់​វិន័យ។ ព្រះ​សាស្ដា ខ្ញុំ​បាន​ប្រព្រឹត្ត​តាម​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​ក៏បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់ចេញ​ហើយ តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព ខ្ញុំ​បាន​គាស់រំលើង​ចេញ​ហើយ។ ខ្ញុំ​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ដល់​គុណធម៌​ណា ប្រយោជន៍​គឺ​គុណធម៌​នោះ​របស់ខ្ញុំ ជាទី​អស់​ទៅ​នៃ​សញ្ញោជនៈ​ទាំងពួង ខ្ញុំ​ក៏​បាន​សម្រច​ហើយ។ កិលេស​ទាំងឡាយ ខ្ញុំ​ដុត​បំផ្លាញ​ហើយ ភព​ទាំងអស់ ខ្ញុំ​គាស់រំលើង​ហើយ ខ្ញុំ​ជា​អ្នក​មិន​មាន​អាសវៈ ព្រោះ​បាន​កាត់​ចំណង ដូចជា​មេ​ដំរី​កាត់ផ្ដាច់​នូវ​ទន្លីង។
ថយ | ទំព័រទី ១១៦ | បន្ទាប់