នាង​នេះ​នឹង​បាន​ជា​ព្រះ​ញាតិ ក្នុង​ធម៌​ទាំងឡាយ​នៃ​ព្រះ​គោតម​នោះ ជា​ឱរស ជា​ធម្ម​និម្មិត បាន​ជា​សាវិកា​នៃ​ព្រះ​សាស្ដា មានឈ្មោះ​ថា កិសា​គោតមី។ កាលនោះ ខ្ញុំ​ស្ដាប់​នូវ​ពុទ្ធព្យាករណ៍​នោះ ក៏​រីករាយ មានចិត្ត​ប្រកបដោយ​មេត្តា បាន​បម្រើ​ព្រះ​ជិនស្រី​ជានា​យក ដោយ​បច្ច័យ​ទាំងឡាយ​ដរាបដល់​អស់ជីវិត។ ដោយ​កម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង លុះ​ខ្ញុំ​លះបង់​រាងកាយ​ជា​របស់​មនុស្ស​ហើយ ក៏បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស។ ព្រះពុទ្ធ ទ្រង់ព្រះ​នា​មកស្សបៈ មានផៅ​ពង្ស​ដ៏​ប្រសើរ មានយស​ធំ ប្រសើរ​ជាង​អ្នកប្រាជ្ញ​ទាំងឡាយ ទ្រង់​កើតឡើង​ហើយ ក្នុង​ភទ្ទកប្ប​នេះ។ កាលនោះ ព្រះរាជា​ក្នុង​ដែន​កាសី ទ្រង់ព្រះ​នាម​កិ​កី ព្រះអង្គ​ជាធំ​ជាង​នរជន ក្នុង​ក្រុង​ពារាណសី​ដ៏​ឧត្ដម ទ្រង់​ជា​ឧបដ្ឋាក​នៃ​ព្រះពុទ្ធ ព្រះអង្គ​ស្វែងរក​នូវ​គុណ​ដ៏​ធំ។ ខ្ញុំ​ជា​ធីតា​ទី ៥ នៃ​ព្រះរាជា​នោះ មានឈ្មោះ​ប្រាកដ​ថា ធម្មា បាន​ស្ដាប់ធម៌​ព្រះ​ជិនស្រី​ដ៏​ប្រសើរ ហើយ​ពេញចិត្ត​នឹង​ផ្នួស។
ថយ | ទំព័រទី ១២៩ | បន្ទាប់