ខ្ញុំ​ជា​អ្នកធ្វើ​នូវ​សាសនា​នៃ​ព្រះ​សាស្ដា ស្ទាត់​ក្នុង​ឫទ្ធិ​ទាំងឡាយ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​ដទៃ ដោយ​សោត​ធាតុ​ដ៏​ជា​ទិព្វ។ ខ្ញុំ​ដឹង​នូវ​បុព្វេ​និវាស​ញ្ញាណ ទិព្វចក្ខុ ខ្ញុំ​ក៏បាន​ជម្រះ​ហើយ ខ្ញុំ​បាន​ញ៉ាំង​អាសវៈ​ទាំងពួង​ឲ្យអស់​ទៅ ជា​អ្នក​បរិសុទ្ធ​ស្អាត មិន​មានមន្ទិល​សោះ​ឡើយ។ ព្រះ​សាស្ដា ខ្ញុំ​បាន​បម្រើ​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់ចុះ​ហើយ តណ្ហា​ដែល​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព ខ្ញុំ​គាស់រំលើង​ចោល​ហើយ។ ខ្ញុំ​ចេញ​ចាក​ផ្ទះ ចូល​ទៅកាន់​ផ្នួស ដើម្បី​ប្រយោជន៍​ណា ប្រយោជន៍​នោះ គឺ​កិរិយា​អស់​ទៅ​នៃ​សំយោជនៈ​ទាំងពួង​នោះ ខ្ញុំ​បានសម្រេច​ហើយ។ ញាណ​របស់ខ្ញុំ​ដ៏​ធំ​ទូលាយ​ស្អាត ក្នុង​អត្ថ ធម៌ និរុត្តិ និង​បដិភាណ ព្រោះ​អំណាច​នៃ​ព្រះពុទ្ធ​ដ៏​ប្រសើរ។ ខ្ញុំ​នាំ​សំពត់​អំពី​គំនរ​សម្រាម​ផង អំពី​ព្រៃស្មសាន​ផង អំពី​ច្រក​ផង ហើយ​ធ្វើជា​សង្ឃាដី ទ្រទ្រង់នូវ​ចីវរ​ដ៏​សៅហ្មង។ ព្រះ​ជិនស្រី​ជានា​យក ទ្រង់​ត្រេកអរ​ក្នុង​គុណ​របស់ខ្ញុំ គឺ​ការ​ទ្រទ្រង់នូវ​ចីវរ​ដ៏​សៅហ្មង​នោះ បាន​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ ក្នុង​ពួក​បរិស័ទ។
ថយ | ទំព័រទី ១៣៣ | បន្ទាប់