ឯស្វាមី​របស់ខ្ញុំ​នោះ មាន​ប្រាជ្ញា​ល្អ បាន​ចូល​ទៅ​គាល់​ព្រះពុទ្ធ ជាទី​ពឹង​នៃ​សត្វលោក ស្ដាប់ធម៌​ទេសនា​ហើយ ក៏បាន​ដល់​នូវ​អនាគាមិផល។ កាលនោះ ខ្ញុំ​បាន​ញ៉ាំង​ស្វាមី​នោះ ឲ្យ​អនុញ្ញាត​ហើយ ចូល​ទៅកាន់​ផ្នួស អស់​កាល​មិន​យូ​រប៉ន្មាន ក៏បាន​ដល់​ព្រះ​អរហត្ត។ កាលនោះ ឧបាសក​នោះ ចូល​មករ​កខ្ញុំ ហើយ​សួរ​នូវ​ប្រស្នា​ទាំងឡាយ​ដ៏​ជ្រាលជ្រៅ ខ្ញុំ​ក៏បាន​ព្យាករ​ប្រស្នា​ទាំងអស់​នោះ។ ព្រះ​ជិនស្រី ត្រេកអរ​ក្នុង​គុណ​នោះ​ហើយ បាន​តាំង​ខ្ញុំ​ក្នុង​ទី​ជា​ឯតទគ្គៈ​ថា តថាគត​មិនឃើញ​ភិក្ខុនី​ជា​ធម្ម​កថិ​កាដ​ទៃ ប្រាកដ​ដូច​ភិក្ខុនី​នេះ​ឡើយ។ ម្នាល​ភិក្ខុ​ទាំងឡាយ អ្នក​ទាំងឡាយ ចូរ​ចាំទុក​យ៉ាងនេះ​ថា នាង​ធម្ម​ទិ​ន្នា​ជា​អ្នកប្រាជ្ញ។
 ខ្ញុំ​ឈ្មោះថា​ជា​ស្រី​បណ្ឌិត ដែល​ព្រះ​លោកនាយក​អនុគ្រោះ ដោយ​ប្រការ​យ៉ាងនេះ​ឯង។ ព្រះ​សាស្ដា ខ្ញុំ​បាន​បម្រើ​ដោយ​គោរព​ហើយ សាសនា​របស់​ព្រះពុទ្ធ ខ្ញុំ​បាន​ធ្វើ​ហើយ ភារៈ​ដ៏​ធ្ងន់ ខ្ញុំ​បាន​ដាក់ចុះ​ហើយ តណ្ហា​ជា​គ្រឿង​នាំ​សត្វ​ទៅកាន់​ភព ខ្ញុំ​បាន​រំលើង​ចោល​ហើយ។
ថយ | ទំព័រទី ១៣៩ | បន្ទាប់