ខ្ញុំ​តាំងចិត្ត​គោរព ធ្វើ​អញ្ជលី​លើ​ក្បាល ហើយ​ទទួល​នូវ​សោមនស្ស ក៏​គិត​យ៉ាងនេះ ក្នុងខណៈនោះ​ថា បើ​ព្រះពុទ្ធ​មានគុណ​រាប់​មិនបាន មិន​មាន​បុគ្គល​ប្រៀបផ្ទឹម​ស្មើ​បាន​មែន សូមឲ្យ​ពោធិព្រឹក្ស​នេះ សម្តែង​នូវ​បាដិហារ្យ​ដល់​អាត្មាអញ គឺ​សូមឲ្យ​ភ្លឺស្វាង​ចុះ។ ក្នុងខណៈនោះ ពោធិព្រឹក្ស​ប្រែជា​មាស​ទាំងអស់ ភ្លឺស្វាង​ឡើង​ដំណាលគ្នា​នឹង​ខ្ញុំ​កំពុង​ពិចារណា ឯទិស​ទាំងពួង ក៏​ភ្លឺរុងរឿង​ឡើង។ ខ្ញុំ​អង្គុយ​នៅ​ក្បែរ​គល់​ពោធិព្រឹក្ស​នោះ អស់ ៧ យប់ ៧ ថ្ងៃ ដល់​ថ្ងៃទី ៧ ខ្ញុំ​បាន​បូជា​ប្រទីប។ ប្រទីប​ទាំង ៥ ក៏​ភ្លឺរុងរឿង​ព័ទ្ធ​អាសនៈ កាលនោះ ប្រទីប​ទាំងឡាយ​របស់ខ្ញុំ ក៏​ភ្លឺរុងរឿង ដរាបដល់​ព្រះអាទិត្យ​រះ​ឡើង។ ខ្ញុំ​លះបង់​នូវ​រាងកាយ​ជា​របស់​មនុស្ស បាន​ទៅ​កើត​ក្នុង​ឋាន​តាវត្តឹង្ស ដោយ​កុសលកម្ម​ដែល​ខ្ញុំ​ធ្វើល្អ​នោះ​ផង ដោយ​ការ​តម្កល់​នូវ​ចេតនា​នោះ​ផង។ ប្រាសាទ​របស់ខ្ញុំ ដែល​បុញ្ញកម្ម​ធ្វើល្អ​ហើយ ក្នុង​ឋាន​តាវត្តឹង្ស​នោះ ហៅថា បញ្ច​ទីប​ប្រាសាទ មាន​កម្ពស់ ១០០ យោជន៍ មាន​ទំហំ ៦០ យោជន៍។ ប្រទីប​ទាំងឡាយ​របស់ខ្ញុំ​រាប់មិនអស់ តែង​ភ្លឺរុងរឿង​ជុំវិញ​ខ្ញុំ ទាំង​ភព​ទេវតា ក៏​ភ្លឺ​ដោយ​ពន្លឺ​ប្រទីប​នោះ​ដែរ។
ថយ | ទំព័រទី ១៨ | បន្ទាប់